ព្រះអគ្គិជ័យកីឡាមានប្រវត្តិជាង២០០០ឆ្នាំ

ភ្នំពេញ ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ប្រធានក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានលើកបង្ហាញពីអត្ថន័យដ៏ជ្រាលជ្រៅបំផុតរបស់«ព្រះអគ្គិជ័យកីឡា»ថាគឺជានិមិត្តរូបនៃកម្លាំងថាមពលរបស់ជីវិតមនុស្សសត្វ និងជាសភាវៈធម៌ដ៏បរិសុទ្ធ ដែលផ្តល់សេចក្តីសុខ សុភមង្គល និងសន្តិភាពដល់មនុស្សជាតិទាំងអស់រស់នៅលើភពផែនដី ។ នេះបើតាមការចេញផ្សាយពី Cambodia 2023 ។

ក្នុងព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ នៅប្រាសាទអង្គរវត្ត ខេត្តសៀមរាប លោក ថោង ខុន បានមានប្រសាសន៍ថា ព្រះអគ្គិជ័យកីឡាមានប្រវត្តិ និងខ្លឹមសារស៊ីជម្រៅជាប់ពាក់ព័ន្ធភ្លើងកីឡាអូឡាំពិក កាលពីជាង២០០០ឆ្នាំ មុនគ.ស.។ រៀងរាល់ការប្រារព្ធពិធីប្រកួតកីឡាអូឡាំពិកបុរាណ នៅលើភ្នំអូឡាំព្យា ប្រទេសក្រិកបុរាណបានយកភ្លើងពីកំដៅព្រះអាទិត្យ ដើម្បីបើកការប្រកួតកីឡាអូឡាំពិក រហូតដល់បច្ចុប្បន្ន។

លោកថា “ព្រះអគ្គិជ័យកីឡាមានអត្ថន័យជ្រាលជ្រៅ ស៊ីជម្រៅជានិមិត្តរូបនៃកម្លាំងថាមពលនៃជីវិតមនុស្សសត្វ និងជាសភាវៈធម៌ដ៏បរិសុទ្ធដែលផ្តល់នូវសេចក្តីសុខ សុភមង្គល និងសន្តិភាព ដល់មនុស្សជាតិទាំងអស់រស់នៅលើភពផែនដី តាមបាវចនា កីឡានាំមកនូវសាមគ្គីភាព មិត្តភាព និងសន្តិភាព” ។

ប្រធានក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍រូបនេះ រៀបរាប់ទៀតថា ជាធម្មតាគ្រប់ព្រឹត្តិការណ៍ Olympic អន្តរជាតិ Olympic អាស៊ី និង Olympic អាស៊ីអាគ្នេយ៍ តែងតែបានរៀបចំការរត់ភ្លើងគប់ទៅកាន់ប្រទេសសមាជិក មុនចូលដល់ប្រទេសម្ចាស់ផ្ទះ។ ផ្តើមចេញពីប្រវត្តិ និងខ្លឹមសារព្រះអគ្គិជ័យកីឡា ទើបកម្ពុជាបានរៀបចំព្រះរាជពិធីប្រោសព្រះរាជទាន ព្រះអគ្គិជ័យកីឡាពេលនេះ ដើម្បីទទួលបានព្រះអគ្គិជ័យកីឡាទៅរត់ដង្ហែភ្លើងគប់ និងប្រារព្ធពិធីបើកការប្រកួតកីឡា SEA Games-ASEAN Para Games ឆ្នាំ២០២៣ ខាងមុខនេះ ។

សូមបញ្ជាក់ថា គិតមកទល់ពេលនេះ មានបណ្តាប្រទេសអាស៊ីអាគ្នេយ៍ បានសហការយ៉ាងល្អ និងបានចុះឈ្មោះបញ្ជូនប្រតិភូកីឡារបស់ខ្លួនចូលរួមការប្រកួត។ បើតាមតួលេខទទួលបានជាបឋម ៖ ១.ប្រតិភូកីឡាប្រ៊ុយណេ ៨២នាក់ , ២.ប្រតិភូកីឡាកម្ពុជា១៣២៣នាក់ , ៣.ប្រតិភូកីឡាឥណ្ឌូណេស៊ី ១៧៣៦នាក់ , ៤.ប្រតិភូកីឡាឡាវ ៥៨៣នាក់ , ៥. ប្រតិភូកីឡាម៉ាឡេស៊ី ១៤៤០នាក់ , ៦.ប្រតិភូកីឡាមីយ៉ាន់ម៉ាចំនួន៦៦៣នាក់ , ៧.ប្រតិភូកីឡាហ្វីលីពីនចំនួន១១២១នាក់ , ៨. ប្រតិភូកីឡាសិង្ហបុរីចំនួន១២៧១ នាក់ , ៩. ប្រតិភូថៃចំនួន១៨៥៥នាក់ , ១០. ប្រតិភូកីឡាទីម័រខាងកើតចំនួន១៦៧នាក់ និង១១. ប្រតិភូកីឡាវៀតណាមចំនួន១២២៣ នាក់ (សរុបទាំងអស់ ១១ ៤៥៣ នាក់)។ តួលេខខាងលើនេះអាចមានការប្រែប្រួល នៅដំណាក់កាលចុងក្រោយនៃការកំណត់ចំនួនប្រចាំប្រតិភូកីឡានីមួយៗ៕