ខេត្តតាកែវ ត្រូវបានប្រកាសជាខេត្តអស់មីនទី១១

តាកែវ៖ គុណតម្លៃនៃសន្តិភាពរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ខេត្តតាកែវត្រូវបានប្រកាសជាខេត្តអស់មីនទី១១ ក្រោមការគាំទ្រពី គម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន ក្រោមមូលបទ “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម”។

ក្នុងពិធីប្រកាសជាផ្លូវការនៅថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៣ នេះ លោក លីធុជ អនុប្រធានទី ១ នៃអាជ្ញាធរមីនចាត់ទុកថ្ងៃប្រកាសខេត្តតាកែវអស់មីននេះ គឺជាថ្ងៃប្រវត្តិសាស្រ្តសម្រាប់សកម្មភាពមីននៅកម្ពុជា ដែលប្រជាជនខេត្តតាកែវទាំងមូល បានទទួលនូវសេរីភាពរួចចាកផុតពីគម្រាមកំហែងដោយសារមីនដែលយើងបានដឹង ក្រោមម្លប់សន្តិភាពកើតចេញពី នយោបាយ ឈ្នះ ឈ្នះ របស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី។

លោកបន្តថា ចាប់ពីឆ្នាំ ១៩៩៩ រហូតទទួលបានការគាំទ្រពី គម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីននៅឆ្នាំ២០២២ អង្គភាពស៊ីម៉ាក់ បានធ្វើការបោសសម្អាតមីនក្នុងទំហំផ្ទៃដីចំនួន ៤.៦៧៥.៧៩៧ ម៉ែត្រក្រឡា ស្មើនឹង ៧៣ ចម្ការមីននិងគ្រាប់ ដោយរកឃើញ និងកំទេចចោល គ្រាប់មីនប្រឆាំងមនុស្សចំនួន ២.៨៨៨ គ្រាប់ មីនប្រឆាំងរថក្រោះចំនួន ៦១ គ្រាប់ និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដទៃទៀត ចំនួន ៣៧.៥៨៣ គ្រាប់។ ជាមួយគ្នានេះ ប្រជាជនខេត្តតាកែវ ចំនួន ១៧៤៦ នាក់ ក្នុងនោះស្លាប់ ៧៧៧ នាក់ បានទទួលគ្រោះថ្នាក់ដោយសារគ្រាប់មីន និងយុទ្ធភណ្ឌគ្រឿងផ្ទុះ ផងដែរ។

លោកបន្ថែមថាគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន គឺជាគម្រោងមួយដ៏អស្ចារ្យ ក្រោមគំនិតផ្តួចផ្តើមប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចតេជោ កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ ក្នុងទិវាមច្ឆជាតិ នៅអាងទឹកត្រពាំងថ្ម ដែលបានអំពាវនាវដល់វិស័យឯកជន ចូលរួមធនធាន ដើម្បីធ្វើការបោសសម្អាតមីននៅក្នុងឃុំប៉ោយចា និងឈានទៅបោសសម្អាតនៅទូទាំងប្រទេស។ ការចូលរួមវិភាគទាននេះ មិនត្រឹមតែវិស័យឯកជនប៉ុណ្ណោះទេ វាបានបង្កើតនូវចលនាជាតិមួយ និងមានការចូលរួមយ៉ាងផុសផុលពីសប្បុរសជន មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋគ្រប់ជាន់ថ្នាក់ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ សម្តេចតេជោ ដើម្បីឲ្យប្រជាជនកម្ពុជាទាំងអស់ ទទួលបាននូវភាពសុដុមរមនាស្មើៗគ្នា មិនថានៅទីក្រុង និងទីជនបទ ឡើយ។ ក្រោមគម្រោងនេះ ផ្ទៃដីមានមីនចំនួន ៩១ គីឡូម៉ែត្រក្រឡា ត្រូវបានបោសសម្អាត ហើយខេត្តចំនួន ០៦ ស្រុកចំនួន ១៤ និងឃុំចំនួន ១២ ត្រូវបានប្រកាសជាខេត្ត ស្រុក ឃុំអស់មីន ក្នុងនោះរាប់បញ្ចូលទាំងខេត្តតាកែវ របស់យើង។

បើតាម លោក លីធុជ រយៈពេល ៣០ ឆ្នាំនេះ ការងារបោសសម្អាតមីន ត្រូវបានចាត់ទុកជាកម្លាំងចលករមួយដ៏ចាំបាច់ នាំមកនូវកិច្ចគាំពារ ការពារសន្តិភាព និងការអភិវឌ្ឍ ជូនប្រទេសជាតិ។ ការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម គឺជាការងារមួយយ៉ាងសំខាន់មិនអាចខ្វះបាន ក្នុងការជួយកាត់បន្ថយគ្រោះថ្នាក់ ដែលប្រែក្លាយដីរងផលប៉ះពាល់ទាំងនោះឱ្យក្លាយជាដីសុវត្ថិភាព សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់។ កម្ពុជា នៅមានរយៈពេលប្រមាណ ៣ឆ្នាំទៀត ដែលត្រូវបន្តការបោសសម្អាតមីន ដើម្បីឈានទៅសម្រេចគោលដៅចុងក្រោយ ស្របតាមចក្ខុវិស័យដឹកនាំរបស់សម្តេចតេជោ គឺការប្រកាសប្រាប់ពិភពលោកថា កម្ពុជានឹងមិនមានមីនចាប់ពីឆ្នាំ២០២៥ ហើយការគម្រាមដោយសំណល់ជាតិផ្ទុះពីសង្គ្រាមផ្សេងៗទៀត នឹងត្រូវបានកាត់បន្ថយដល់កំរិតអប្បរមា។

លោកថ្លែងថា៖«ដើម្បីកម្ពុជាគ្មានមីន និងគ្មានគ្រោះថ្នាក់ដោយសារមីនត្រឹមឆ្នាំ២០២៥ យើងខ្ញុំទាំងអស់គ្នា ត្រូវបន្តប្តេជ្ញាចូលរួម និងគាំទ្រចំពោះមគ្គុទ្ទេសក៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ក្នុងការបង្កើតនូវប្រវត្តិសាស្រ្តថ្មី មួយទៀត សម្រាប់ប្រទេស និងប្រជាជនកម្ពុជា»។

លោក អ៊ូច ភា អភិបាលខេត្តតាកែវ ថ្លែងគាំទ្រគម្រោង សម្ដេចតេជោ សម្រាប់សកម្មភាព មីន ក្រោមមូលបទ «ផ្តល់ដ៏មានសុវត្ថិភាព បង្កើតស្នាមញញឹម» ក៏ដូចជាអរគុណដល់សប្បុរសជន នានា ដែលបានបរិច្ចាគថវិកាគាំទ្រ ធ្វើឱ្យខេត្តតាកែវ ក្លាយជាខេត្តទី១១ បន្ទាប់ពីខេត្តស្វាយរៀង រាជធានី ភ្នំពេញ ខេត្តកែប ខេត្តព្រៃវែង ខេត្តកំពង់ឆ្នាំង ខេត្តស្ទឹងត្រែង ខេត្តព្រះសីហនុ ខេត្តត្បូងឃ្មុំ ខេត្តកណ្តាល និងខេត្តកំពង់ចាម ដែលបានសម្រេចផែនការ ប្រកាសជារាជធានី-ខេត្ត អស់មីន។

លោកបន្តថា ខេត្តតាកែវ សម្រេចបានតាមផែនការកំណត់ ដែលជាលទ្ធផលនៃការបោស សម្អាតមីន និង EOD ចាប់ពីឆ្នាំ១៩៩៩ រហូតមកដល់ខែកុម្ភៈ ឆ្នាំ២០២៣ បានបោសសម្អាតចំការមិនបាន ចំនួន ៧៣ចម្ការ ស្មើនិងផ្ទៃដីចម្ការមីន ៤,៦៧៥,៧៩៧ ម៉ែត្រក្រឡា ក្នុងនោះរកឃើញនិងកំទេចចោលមីន ស្មើជើងចំនួន ២,៨៨៨គ្រាប់ មីនតោនចំនួន ៦១គ្រាប់ សំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ៣៧,៥៨៣គ្រាប់ គ្រួសារដែលទទួលផលផ្ទាល់និងប្រយោលចំនួន ១៨,៣៤៧គ្រួសារ ស្មើនឹងមនុស្សចំនួន៦៣,០៤៩នាក់ និងចម្ការមីនដែលបានបោសសំអាតគាំទ្រថវិកាដោយគម្រោងសម្ដេចតេជោ“ផ្តល់ដីសុវត្ថិភាព បង្កើត ស្នាមញញឹម» បានបោសសម្អាតចំការមីនបានចំនួន៥៥ចម្ការ ស្មើនឹងផ្ទៃដី ៤,១៩១,៨២៥ ម៉ែត្រក្រឡា ក្នុងនោះបានរកឃើញ និងកំទេចចោលមីនថ្មើរជើងចំនួន ៣២៣គ្រាប់ សំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ៤៥៣គ្រាប់ គ្រួសារដែលទទួលផលដោយផ្ទាល់ និងប្រយោលចំនួន ១៨,៣៤៧គ្រួសារ ស្មើនឹង ៦១,៩៤០ នាក់ ៕