រថយន្តកែច្នៃបំពងសម្លេងខុសបច្ចេកទេស ១៦ គ្រឿងត្រូវបានបង្ក្រាបនៅឬស្សីកែវ

ភ្នំពេញ៖ ថយន្តកែច្នៃបំពងសម្លេងខុសបច្ចេកទេស (ស៊ីមាំងប្រែន) ដែលធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈក្នុងភូមិសាស្ត្រខណ្ឌប្ញស្សីកែវ ចំនួន ១៦ គ្រឿងត្រូវបានបង្ក្រាប នៅចំណុចផ្លូវ១០០៣ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ។

ការបង្រ្កានេះ ធ្វើឡើងកាលពីយប់ថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២៣ ដោយអនុវត្តតាមបទបញ្ជា និងការណែនាំជាប្រចាំរបស់លោក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏ដូចជាមានការរាយការណ៍ និងប្តឹងពីបងប្អូនប្រជាពលរដ្ឋអំពីរថយន្តកែច្នៃបំពងសម្លេងខុសបច្ចេកទេស (ស៉ីមាំងប្រែន) ដែលបង្កសម្លេងរំខានដល់ប្រជាពលរដ្ឋជារៀងរាល់យប់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។

បច្ចុប្បន្ន សមត្ថកិច្ចបាននាំយករថយន្តទាំងនោះមកកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីសហការជាមួយខាងសាធារណ:ដេីម្បីធ្វេីការត្រួតពិនិត្យលក្ខណ:បច្ចេកទេស ធ្វើការណែនាំអប់រំ ធ្វើកិច្ចសន្យា និងផាកពិន័យតាមច្បាប់ ហើយតម្រូវឲ្យម្ចាស់រថយន្តយករបស់ដើម មកប្តូរនៅមុខសមត្ថកិច្ច ទើបប្រគល់រថយន្តឲ្យវិញ៕