រដ្ឋមន្ត្រីពាណិជ្ជកម្ម ៖ វិបត្តិកូវីដ-១៩ បានបង្កើតកាលានុវត្តន៍ភាព ជួយជំរុញបញ្ហាឌីជីថលខ្លាំងនៅកម្ពុជា

ភ្នំពេញ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មថ្លែងថា វិបត្តិកូវីដ-១៩ បានបង្កើតកាលានុវត្តន៍ភាព ដែលជួយជំរុញបញ្ហាឌីជីថលខ្លាំងនៅកម្ពុជា ជាពិសេសការទូទាត់តាមឌីជីថល និងវិវឌ្ឍន៍ទៅរកការទូទាត់ដោយគ្មានទំនាក់ទំនង (Contactless Payment )។

ការថ្លែងរបស់លោក ប៉ាន សូរស័ក្តិ ធ្វើឡើងកាលពីថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២៣ ក្នុងពេលទទួលជួបពិក្សាការងារជាមួយលោក Chris Clark ប្រធានតំបន់ប្រចាំអាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុនវីសា (VISA) ដើម្បីចែករំលែកក្របខណ្ឌច្បាប់ លិខិតបទដ្ឋានគតិយុត្តិ និងគោលនយោបាយពាក់ព័ន្ធពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក សំដៅជំរុញការអភិវឌ្ឍពាណិជ្ជកម្មអេឡិចត្រូនិក និងសេដ្ឋកិច្ចឌីជីថលកម្ពុជា។

លោកបន្តថា បន្ថែមពីនេះ ដើម្បីបម្រើសេវាកម្មឱ្យខិតកៀកទៅជិតពាណិជ្ជករ បង្កើតភាពងាយស្រួល កាត់បន្ថយការចំណាយ និងពេលវេលាចុះបញ្ជីពាណិជ្ជកម្ម រាជរដ្ឋាភិបាលបានប្រកាសដាក់ឱ្យប្រើប្រាស់ថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (CamDX)។

បើតាមលោករដ្ឋមន្រ្តីរូបនេះ ក្នុងឆ្នាំ២០២២ CamDX ត្រូវបានប្រកាសទទួលជ័យលាភី ពីកម្មវិធីពានរង្វាន់អនាគតរដ្ឋាភិបាល (Future of Government Awards ) ដែលមានគម្រោងចូលរួមប្រកួតប្រជែងចំនួន ១៥០ និងមកពី ៥២ ប្រទេស សម្រាប់កម្មវិធីទាំងមូល។ នេះជាមោទនភាពថ្មីមួយទៀត របស់កម្ពុជាលើឆាកអន្តរជាតិ និងជាកាលានុវត្តន៍ភាពក្នុងការប្រើប្រាស់ដោយបច្ចេកវិទ្យាឌីជីថល និងការធ្វើទំនើបកម្មរដ្ឋបាលរបស់ខ្លួន ដោយនៅក្រោមម្លប់សុខសន្តិភាព កម្ពុជាកំពុងតែបោះជំហានឆ្ពោះទៅការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលមួយរស់រវើក និងប្រកបដោយបរិយាប័ន្ន។

លោក បានលើកឡើងបន្ថែមថា ការចូលរួមរបស់ក្រុមហ៊ុន Visa លើវិស័យទូទាត់តាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា បានរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល និងអង្គការផ្សេងៗក្នុងការបណ្តុះបណ្តាលចំណេះដឹងហិរញ្ញាវត្ថុដល់ប្រជាជនកម្ពុជា។

លោក Chris Clark ប្រធានតំបន់ប្រចាំអាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុនវីសា (VISA) បានបង្ហាញអំពីគោលបំណងក្នុងការពង្រឹងកិច្ចប្រតិបត្តិការជាមួយក្រសួងពាណិជ្ជកម្ម លើគំនិតផ្តួចផ្តើមទាក់ទងនឹងយុទ្ធសាស្រ្តនិងគោលនយោបាយ នាពេលបច្ចុប្បន្ន និងអនាគត ដើម្បីជំរុញពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងការទូទាត់តាមឌីជីថលក្នុងព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះ លោក Chris Clark ក៏បានកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ដែលបានប្ដេជ្ញាចិត្តក្នុងការបន្តថែរក្សាស្ថេរភាពនយោបាយ វិបុលភាព និងស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ជាពិសេសបានកោតសរសើពីកិច្ចខិតខំប្រែងរបស់ក្រសួងពាណិជ្ជកម្មក្នុងការជំរុញ និងធ្វើឱ្យប្រសើឡើងនូវវិស័យឌីជីថលនៅកម្ពុជា៕