លើកស្ទួយគុនខ្មែរ ! ឧកញ៉ា ស្រី ចាន់ថន បង្កើតក្លឹប«គុនខ្មែរជើងឯកពិភពលោក» និង«ខ្សែរក្រវ៉ាត់កម្រិតពិភពលោក»

ភ្នំពេញ៖ ឧកញ៉ា ស្រី ចាន់ថន បានសម្រេច បង្កើតក្លឹបអន្តរជាតិមួយ មានឈ្មោះថា «គុនខ្មែរជើងឯកពិភពលោក (Kun Khmer World Champion) និង បង្កើតខ្សែរក្រវ៉ាត់កម្រិតពិភពលោកមួយទៀត ក្នុងគោលបំណងលើកស្ទួយវិស័យគុនខ្មែរ ឱ្យល្បីរន្ទឹលើឆាកអន្តរជាតិ។

ឧកញ៉ា ស្រី ចាន់ថន បានសរសេរនៅលើទំព័រហ្វេសបុករបស់ខ្លួនៅថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២៣ នេះ ថា «ថ្ងៃនេះខ្ញុំសូមជម្រាបបងប្អូនជនរួមជាតិផងដែរថា ក្លឹបកីឡាគុនខ្មែរលំដាប់អន្តរជាតិរបស់យើងបានរត់ឯកសារតាំងពីភូមិ ឃុំ ស្រុក ខេត្ត ប្រធានមន្ទីរ អប់រំ យុវជន និងកីឡា នឹង សហព័ន្ធកីឡាគុនខ្មែររួចរាល់ហើយ»។

លោកបន្តថា « ដូច្នេះក្នុងពេលដ៏ឆាប់ខាងមុខនេះ ក្លឹបគុនខ្មែររបស់យើងនឹងលេចរូបរាងហើយ។ មូលហេតុដែលខ្ញុំសម្រេចចិត្តដាក់ឈ្មោះនេះក៏ដោយសារតែខ្ញុំចង់ឲ្យកីឡាគុនខ្មែររបស់យើងក្លាយទៅជាកីឡាកម្រិតពិភពលោក»។

លោកបន្ថែមថា «ដោយក្លឹបរបស់យើងនឹងនាំកីឡាករបរទេសជុំវិញពិភពលោកមកប្រកួតនៅក្នុងប្រទេសរបស់យើងក៏ដូចជានាំកីឡាកររបស់ខ្មែរយើងទៅប្រកួតនៅក្រៅប្រទេសផងដែរ។ លើសពីនេះទៅទៀត ខ្ញុំបានបង្កើតខ្សែរក្រវ៉ាត់កម្រិតពិភពលោកមួយទៀតដែលបានរួមបញ្ជូលនៅរចនាបថខ្មែរដ៏ល្អឯករួមមាន៖ យ័ន្តប្រាំបីទិស នាគក្បាលប្រាំពីរ ផ្ការំដួល និងចម្លាក់រូបប្រដាល់ក្បាច់គុនល្បុក្កតោខ្មែរ និងចំបាប់។ តើបងប្អូនមានយោបល់បែបណាដែរចំពោះរចនាបថខ្សែរក្រវ៉ាត់អន្តរជាតិមួយនេះ?»៕