សម្តេច ហ៊ុន សែន អំពាវនាវដល់ស្រ្តីគ្រប់រូបកុំព្យាយាម កែសម្ផស្សច្រើនពេកព្រោះគ្រោះថ្នាក់ដល់សុខភាព

ពោធិ៍សាត់៖ សម្តេច ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាល បានអំពាវនាវដល់ស្រ្តីគ្រប់រូប កុំព្យាយាមកែសម្ផស្សច្រើនពេក ព្រោះវាបណ្តាល ឱ្យប៉ះពាល់ដល់សុខភាព ខណៈកាលពីពេលថ្មីៗ នេះ មានស្ត្រីមា្នក់បានបាត់បង់ជីវិត ដោយសារវះកាត់សុដន់ នៅក្នុងមជ្ឈមណ្ឌលកែសម្ពស្សមួយនៅក្នុងរាជធានីភ្នំពេញ។

ការអំពាវនាវរបស់សម្តេច ហ៊ុន សែន ធ្វើឡើងក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលបានផ្លាស់ប្តូរទីលំនៅទៅទីតាំងថ្មី និងត្រួតពិនិត្យការដ្ឋានសាងសង់វារីអគ្គិសនីស្ទឹងពោធិ៍សាត់ ១ នៅខេត្តពោធិ៍សាត់ នៅថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៣ ។

សម្តេចថ្លែងថា៖ «វាជារឿងធម្មជាតិ ឱ្យវាទៅអីចឹងទៅចុះ អារឿងប្តី ស្រឡាញ់ មិនស្រឡាញ់ ក៏វាហីទៅ ចាំបាច់អីយកកម្មពារអី ។ ចាំបាច់អីទៅចាក់ថ្នាំសន្លប់ រួចហើយ ទៅវះ ហើយអ្នកខ្លះទៅកាន់ច្រមុះ កាត់មាត់ ឈឺណាស់លោកអើយ។ យើងមកប៉ុណ្ណា ទេវតាឱ្យប៉ុណ្ណា យកប៉ុណ្ណឹងទៅ »។

ទោះជាយ៉ាងណា សម្តេចមិនបដិសេធចំពោះការមិនឱ្យវះកាត់ ឬ កែសម្ផស្សនោះទេ ព្រោះ គេរពេញនិយម គឺជាសិទ្ធិរបស់គេ ប៉ុន្តែយើងក៏ត្រូវយកចិត្តទុកដាក់ក្នុងការការពារសុខភាព ចំពោះអ្នកទាំងនោះ ។

បើតាមសម្តេច ហ៊ុន សែន បើសម័យប៉ុលពតវិញ អ្នកទាំងនោះ នឹងធ្វើឱ្យមុខជាំ និងគ្រោះថ្នាក់ផ្សេងៗ ព្រោះគេបង្ខំឱ្យធ្វើការងារហាលក្តៅ មិនមានតាំងយូ ឬ ឆ័ត្របាំងនោះទេ ។ សម្តេចថ្លែងថា៖ «ចំពោះអ្នកដែលសាច់គេចាំ គេមិនទៅណា សាច់គេចាំ គេមិនប៉ះពាល់សុខភាពហើយ ។ ប៉ុន្តែ អ្នកដែលកែសម្ផស្ស គឺវាប៉ះពាល់ដល់សុខភាពហើយ»៕