ពោធិ៍សាត់៖ សម្តេច ហ៊ុន សែនប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានជ្រើសរើសយកខេត្ត ៤ គឺខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តប៉ៃលិនបង្កើតជាប៉ូលសេដ្ឋកិច្ចទី៤ ដើម្បីឆ្លើយតបទៅនឹងកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។
ក្នុងពិធីជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ដែលបានផ្លាស់ប្តូរទីលំនៅទៅទីតាំងថ្មី និងត្រួតពិនិត្យការដ្ឋានសាងសង់ វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ក្នុងខេត្តពោធិ៍សាត់នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ សម្តេច ហ៊ុន សែន បញ្ជាក់ថា គម្រោងប៉ូលសេដ្ឋកិច្ចទី៤នេះ ស្ថិតក្រោមគំនិតផ្តួចផ្តើមរវាង សម្តេច និងប្រធានាធិបតីចិន ស៊ី ជីនពីង ដោយផ្តោតលើគម្រោងមច្ឆា និងអង្ករ ដោយសារខេត្តទាំង៤នេះ សម្បូរទៅដោយស្រូវ និងត្រី។
បើតាមសម្តេច ហ៊ុន សែន ខេត្តទាំង៤នេះ ក៏ត្រូវបង្កើនផលិតផលផ្សេងៗទៀតផងដែរ ដើម្បីចូលរួមជាមួយទីផ្សារតំបន់ និងពិភពលោក៕