តាកែវ៖ ក្រោយពីមានសំណូមពរច្រើនពីប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋាន ឱ្យខេត្តតាកែវ ពង្រឹងសន្តិសុខ សុវត្ថិភាព និង សណ្តាប់ធ្លាប់សាធារណៈ ឱ្យបានល្អឡើងវិញ ក្រោយពីមានករណីក្មេងស្ទាវគប់កញ្ចករថយន្ត និងដេញវាយគ្នាយ៉ាងណាអានាធិតេយ្យ ខេត្តបានសម្រេចដាក់កម្លាំងការពារតាមគោលដៅ និងដើរល្បាតជាប្រចាំ ដើម្បីការពារសន្តិសុខ សុវត្ថិភាពនិងសណ្តាប់ធ្នាប់សាធារណៈជូនជាពលរដ្ឋកុំឱ្យមានការព្រួយបារម្ភទៀត ។
សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តតាកែវ នៅថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២៣ នេះ ឱ្យដឹងថា ដោយពិនិត្យឃើញថាបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាសាធារណៈមតិមួយចំនួនបានបង្ហាញពីកង្វល់ និង លើកឡើងជាសំណូមពរក្នុងការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់នៅក្នុងខេត្ត និង ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីលោក អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្ត បានយកចិត្តទុកដាក់ខ្ពស់ចំពោះសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋ និងតែងតែណែនាំដល់អាជ្ញាធរមូលដ្ឋាន កងកម្លាំងមានសមត្ថកិច្ចឱ្យខិតខំពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ ជាពិសេសការពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដោយបានបង្ក្រាបជាបន្តបន្ទាប់ នូវបទល្មើសជួញដូរគ្រឿងញៀន ល្បែងស៊ីសងនិងក្មេងទំនើងជាដើម..។ ល ។ ហើយបាននឹងកំពុងខិតខំយ៉ាងសកម្ម ថែមទៀតចំពោះការងារនេះ។
ជាមួយគ្នានេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ និងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក បានខិតខំយកចិត្តទុកដាក់ខ្ពស់ពីសន្តិសុខ សុវត្ថិភាពនិងសណ្តាប់ធ្នាប់សាធារណៈជូនបងប្អូនប្រជាពលរដ្ឋ ដោយ ដាក់កម្លាំងការពារតាមគោលដៅ និងដើរល្បាតជាប្រចាំ ជាពិសេសបានធ្វើការផ្សព្វផ្សាយ ណែនាំដល់សិស្សានុសិស្ស នៅតាមសាលារៀន និងរៀបចំវេទិកាផ្សព្វផ្សាយផ្សេងៗផងដែរ ។
រដ្ឋបាលខេត្ត បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណៈមតិដែលកន្លងមកតែងត ចូលរួមទប់ស្កាត់ ព្រមទាំងបញ្ចេញនូវមតិយោបល់ និងផ្ដល់ព័ត៌មានដល់អាជ្ញាធរមានសមត្ថកិច្ច ដើម្បីក្លាយ ជាមូលដ្ឋានឈានដល់ការបង្ក្រាបបទល្មើសនានាជាបន្តបន្ទាប់ ។ រដ្ឋបាលខេត្តបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ បន្តចូលរួមទប់ស្កាត់ និងផ្ដល់ព័ត៌មានដល់អាជ្ញាធរសំដៅរួមគ្នាទប់ស្កាត់និងបង្ក្រាបបទល្មើសនានាក្នុងមូលដ្ឋាន យើងឱ្យ បានទាន់ពេលវេលា ៕
ដោយ៖ ពុទ្ធិពល