លោក ថោ ខុន ទៅបំពេញទស្សនកិច្ចនៅឡាវ៤ថ្ងៃ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរ

ភ្នំពេញ៖ លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បាននិងកំពុងដឹកនាំប្រតិភូក្រសួងទេសចរណ៍ និងផ្នែកឯកជនវិស័យទេសចរណ៍ទៅបំពេញទស្សនកិច្ចនៅប្រទេសឡាវ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃ១២-១៥ ខែមីនា ឆ្នាំ២០២៣ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរ។

ដំណើរទស្សនកិច្ចនេះធ្វើឡើងដោយអនុវត្តតាមអនុសាសន៍ណែនាំរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាអំឡុងដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ កាលពីថ្ងៃទី១៣-១៤ ខែកុម្ភៈ ឆ្នាំ២០២៣ និងយោងស្មារតីនៃអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរ ដោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល។

អំឡុងដំណើរទស្សនកិច្ចនេះ លោក ថោង ខុន នឹងត្រូវអនុញាតឱ្យចូលជួបសម្តែងការគួរសមជាមួយឧបនាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលឡាវ និងជួបពិភាក្សាទ្វេភាគីជាមួយលោកស្រី សួនសុវណ្ណ វិញ៉ាកេតន៍ រដ្ឋមន្រ្តីក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍ឡាវ។ ព្រមជាមួយនោះ ក៏នឹងមានកិច្ចប្រជុំរវាងផ្នែកឯកជនក្នុងវិស័យទេសចរណ៍នៃប្រទេសពីរផងដែរ។

តាមរយៈដំណើរទស្សនកិច្ចនេះ កម្ពុជារំពឹងថានឹងមានកំណើននៃរំហូរទេសចរទៅវិញទៅមក ក៏ដូចជារំហូរទេសចរចិន និងទេសចរប្រទេសទីបីផ្សេងទៀតទៅវិញទៅមករវាងប្រទេសទាំងពីរឡាវ-កម្ពុជាផងដែរ៕