ភ្នពេញ៖ ព្រះរាជដំណាក់ខេត្តសៀមរាបកាលពីយប់ថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២៣ ត្រូវបានភ្លើងឆាប់ឆេះ ប៉ុន្តែ គិតត្រឹមព្រឹកនេះ ស្ថានការណ៍នៃអគ្គិភ័យនេះ ត្រូវបានគ្រប់គ្រងយ៉ាងពេញលេញហើយ។
លោក ហ៊ុន ម៉ានី កូនប្រុសរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ បានសម្តែងការសោកស្តាយ និង មានសេចក្តីរន្ធត់ និងសោកស្តាយពន់ពេក ដោយបានទទួលដំណឹងអំពីអគ្គិភ័យដែលបានឆាបឆេះ ព្រះរាជដំណាក់ខេត្តសៀមរាបកាលពីយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣នេះ។
លោក ហ៊ុន ម៉ានី បានសរសេរនៅលើទំព័រហ្វេសបុករបស់លោកនៅថ្ងៃទី ១៣ ខែមីនា នេះថា« ចេញពីព្រឹត្តិការណ៍ដ៏អាក្រក់នេះ ទូលព្រះបង្គំសូមលើកហត្ថបួងសួងដល់វត្ថុសក្តសិទ្ធក្នុងលោក ទេវតាថែរក្សាទឹកដីព្រះរាជាណាចក្រកម្ពុជា ទេវតាថែរក្សាប្រាង្គប្រាសាទអង្គរ យាងប្រោះព្រុំស័ព្ទសាធុការពរជ័យថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចម៉ែ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គទាំងទ្វេមានព្រះរាជសុខភាពបរិបូរណ៍ ព្រះរាជកាយពលមាំមួន។ សូមព្រះអង្គទាំងទ្វេទុកព្រះទ័យលើកូនចៅទាំងអស់គ្នាចុះ»។
លោកបន្តថា «ឆ្លៀតឱកាសនេះដែរ ខ្ញុំក៏សូមថ្លែងអំណរគុណ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរមូលដ្ឋាន និងមានសមត្ថកិច្ច ជាពិសេសកម្លាំងអគ្គិភ័យ ដែលបានប្រឹងប្រែងអស់ពីលទ្ធភាពដើម្បីគ្រប់គ្រងស្ថានការណ៍»។
ទោះជាយ៉ាងណា គិតត្រឹមព្រឹកថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២៣ ស្ថានការណ៍នៃអគ្គិភ័យនេះ ត្រូវបានគ្រប់គ្រងយ៉ាងពេញលេញហើយ ប៉ុន្តែ សមត្ថកិច្ចខេត្តសៀមរាប មិនទាន់បង្ហាញរបាយការណ៍ ពីការឆាបឆេះ បណ្តាលមកពីអ្វីនោះទេ ៕