គម្រោងសាងសង់ជលយានដ្ឋាននៅស្រុកស្ទឹងហាវ នឹងចូលរួមបង្កើនសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសង្គមរបស់ប្រជានេសាទ

ព្រះសីហនុ៖ គម្រោងសាងសង់ ជលយានដ្ឋាន នៅស្រុកស្ទឹងហាវ ជាគម្រោងវិនិយោគដ៏ល្អ ដែលមានលក្ខណៈស្របទិសជាមួយនឹងផែនការមេអភិវឌ្ឍ ព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងត្រូវបានរំពឹងថានឹងចូលរួមបង្កើនសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសង្គមរបស់ប្រជានេសាទនៅក្នុង ខេត្តជាប់មាត់សមុទ្រទាំងបួនរបស់ព្រះរាជាណាចក្រកម្ពុជាផងដែរ។

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ កាលពីចុងសប្តាហ៍កន្លងមកនេះ បាន ដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យសំណើសុំសាងសង់ជលយានដ្ឋាន ស្ថិតនៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលស្រុក មន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរដែនដីស្រុកស្ទឹងហាវ។

បើតាមរដ្ឋបាលខេត្តព្រះសីហនុ ការចុះពិនិត្យទីតាំងនេះ ទទួលបានសាទរពីប្រជានេសាទនៅក្នុងតំបន់ ជាពិសេស បងប្អូនប្រជានេសាទនៅស្រុកស្ទឹងហាវតែម្តង។

ក្នុងពេលចុះត្រពិនិត្យគម្រោងសាងសង់ ជលយានដ្ឋាននេះ លោកឡុង ឌីម៉ង់ ក៏បានបញ្ជាក់ថា កន្លងមកនៅពេលដែលទូក ឬការណូតរបស់បងប្អូនប្រជានេសាទខូច យើងតែងនាំយកទូក ឬកាណូតទៅជួសជុលនៅប្រទេសជិតខាង ដែលការណ៍នេះ នាំឱ្យមានការប្រឈមនឹងគ្រោះថ្នាក់នានា ខាតពេលវេលា និងចំណាយថវិកាខ្ពស់។

លោកបន្តថា «ដូច្នេះការបង្កើតឱ្យមានជលយានដ្ឋាននៅក្នុងស្រុក មិនត្រឹមតែជម្រុញការលើកទឹកចិត្ត បណ្តុះបណ្តាលជំនាញ បច្ចេកទេសក្នុងការជួសជុលដល់ប្រជាពលរដ្ឋរបស់យើង កាន់តែស្ទាត់ជំនាញបន្ថែមមួយកម្រិតទៀតតែប៉ុណ្ណោះទេ គឺយើងនឹងចូលរួមកាតបន្ថយលំហូរថវិកាទៅកាន់ប្រទេសជិតខាងមួយកម្រិតបន្ថែមទៀតផង»៕