ចាប់ផ្ដើមពិធីបុណ្យទន្លេ២ថ្ងៃដំបូង នៅកំពង់ធំ ទទួលបានភ្ញៀវទេសចរជាង៤០ម៉ឺននាក់

ភ្នំពេញ ៖ ក្រសួងទេសចរណ៍ បានឲ្យដឹងថា មានភ្ញៀវទេសចរ ជាង៤០ម៉ឺននាក់ បានចូលរួមទស្សនានៅក្នុងពិធីបុណ្យទន្លេលើកទី៧ នាខេត្តកំពង់ធំ ក្នុងរយៈពេល២ថ្ងៃដំបូង ចាប់ពីថ្ងៃទី៧-៨ ខែមីនា ឆ្នាំ២០២៣។

ពិធីបុណ្យទន្លេលើកទី៧ នៅខេត្តកំពង់ធំ ប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៨-១០ ខែមីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ «ទន្លេរបស់យើង ដើម្បីបច្ចុប្បន្ន និងអនាគត (Our River for Now and Next)» ប៉ុន្តែប្រជាជនបានមកទស្សនាកម្សាន្តបណ្ដើរៗមុនថ្ងៃចាប់ផ្ដើមព្រឹត្តិការណ៍ទៅទៀត។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងទេសចរណ៍ នាថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា «បើតាមប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំ លើកឡើងថា ចំនួនប្រជាពលដ្ឋចូលរួមថ្ងៃទី៧ មានប្រមាណ១៨,៥០០នាក់ និងថ្ងៃទី៨ មានប្រមាណ៣៨៥,០០០នាក់ សរុប៤០៣,៥០០នាក់»។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ទេសចរណ៍ដ៏ធំមួយនេះ គឺមានការតាំងពិព័រណ៍សមិទ្ធផល មហោស្រពម្ហូបអាហារ និងភេសជ្ជៈ និងការតាំងពិព័រណ៍កសិទេសចរណ៍ ផលិតផលសហគ្រាសធុនតូចនិងមធ្យម ផលិតផលខ្មែរ ផលិតផលកសិកម្ម និងផលិតផលរបស់សហគមន៍ សរុបចំនួន៣០០ស្តង់។ ការរៀបចំពិព័រណ៍នេះ គឺជាការរួមចំណែកមួយក្នុងការប្រើប្រាស់ឱ្អស់លទ្ធភាពនៃវិស័យទេសចរណ៍ ដែលត្រូវបានចាត់ទុកថាជាការនាំចេញនៅនឹងកន្លែង ក្នុងការគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្ម ពិសេសការបង្កើតឱកាសការងារសម្រាប់កសិករ សិប្បករ និងអ្នកផលិតតាមរយៈទីផ្សារទេសចរណ៍៕