ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មដែលជាសេណាធិការរាជរដ្ឋាភិបាល បានអះអាងថា កម្ពុជា កំពុងស្វែងរកដៃគូពាណិជ្ជកម្មសក្ដានុពល ដើម្បីបង្កើនទីផ្សារនាំចេញ និងទាក់ទាញវិនិយោគទុនបន្ថែមទៀត។
ក្នុងឱកាសអញ្ជើញថ្លែងសុន្ទរកថា នាកិច្ចប្រជុំតុមូលជាន់ខ្ពស់ស្ដីពី ការលើកកម្ពស់ការចូលរួមរបស់ប្រទេសអភិវឌ្ឍន៍តិចតួច ក្នុងសមាហរណកម្មតំបន់ និងពាណិជ្ជកម្មអន្ដរជាតិ ក្នុងអំឡុងពេលសន្និសីទអង្គការសហប្រជាជាតិលើកទី៥ ស្ដីពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC5) នៅទីក្រុងដូហា ប្រទេសកាតា នាពេលថ្មីៗនេះ លោក ប៉ាន សូរស័ក្តិ បានលើកអំពីការខិតខំប្រឹងប្រែង និងបទពិសោធន៍របស់កម្ពុជាក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មក្នុងតំបន់ និងពិភពលោក ដែលជាផ្នែកស្នូលមួយនៃយុទ្ធសាស្ដ្ររយៈពេលវែងនៃការចាកចេញពីចំណាត់ថ្នាក់ LDC។
លោកបន្ដថា ក្នុងនាមជាសមាជិក ASEAN កម្ពុជាអាចទាញយកអត្ថប្រយោជន៍នៃការធ្វើពាណិជ្ជកម្ម ក្រោមក្របខ័ណ្ឌ ASEAN FTA, ASEAN plus One FTA, កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប-RCEP)។ បន្ថែមពីនោះទៀត កម្ពុជាបានសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន និងកម្ពុជា-កូរ៉េ ដែលបានចូលជាធរមានរួចរាល់ហើយ។
លោកបញ្ជាក់ថា «បច្ចុប្បន្ននេះ កម្ពុជាកំពុងចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីជាមួយសហភាពអារ៉ាប់អេមីរ៉េត ដែលរំពឹងទុកថានឹងបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះ។ កម្ពុជាក៏កំពុងស្វែងរកដៃគូពាណិជ្ជកម្មសក្ដានុពល ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ដើម្បីបង្កើនទីផ្សារនាំចេញ និងទាក់ទាញវិនិយោគទុនបន្ថែមទៀត»៕