ភ្នំពេញ ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា បានលើកឡើងថា ទន្លេរួមចំណែកជំរុញការ តភា្ជប់ រឹតចំណង មិត្តភាព សាមគ្គីភាពរវាងបណ្ដាប្រទេសក្នុងតំបន់អាស៊ាន និងពង្រឹងភាពជាដៃគូក្នុងក្របខ័ណ្ឌតំបន់នានាផងដែរ។
យោងតាមសារលិខិតរបស់សម្ដេច ហ៊ុន សែន នាឱកាសពិធីបុណ្យទន្លេ លើកទី៧ ថ្ងៃទី៨-១០ ខែមីនា ឆ្នាំ២០២៣ នៅខេត្តកំពង់ធំ ក្រោមប្រធានបទ «ទន្លេរបស់យើង ដើម្បីបច្ចុប្បន្ន និងអនាគត» បានមានប្រសាសន៍ថា “ទឹកទន្លេជាប្រភពនៃការចិញ្ចឹមបីបាច់ជីវិត ជាទីកន្លែងដែលបណ្តុះបណ្តាល និងពូនជ្រុំនូវ វប្បធម៌ និងអរិយធម៌។ តាំងពីបុរាណកាលមក មនុស្សជាតិរស់នៅតាមបណ្ដោយទន្លេ បន្តពូជពង្ស និង រស់នៅ ដោយបណ្ដុំគ្នាពីមួយជំនាន់ទៅមួយជំនាន់ ។ ទន្លេជាអំណោយពីធម្មជាតិ ដែលជាទីបង្អែកសម្រាប់ការរស់នៅរបស់យើង និងជាចំណងធម្មជាតិនៃការជួយយកអាសាគ្នារបស់យើងទៀតផង»។
សម្ដេច បន្ដថា ទន្លេបានផ្សារភ្ជាប់ប្រទេសនានា ដែលហូបទឹកនៃទន្លេតែមួយឲ្យក្លាយជាសហគមន៍រួមវាសនាតែមួយ ដែលប្រកបដោយសមភាព ជួយយកអាសាគ្នា ដោយស្មោះត្រង់ និងស្និទ្ធស្នាលដូចជាមនុស្សក្នុងគ្រួសារតែមួយ។
សម្ដេច បញ្ជាក់ទៀតថា «ទន្លេ ក៏បានរួមចំណែកជំរុញការតភា្ជប់រឹតចំណង មិត្តភាព សាមគ្គីភាពរវាងបណ្ដាប្រទេសក្នុងតំបន់អាស៊ាន និងបានពង្រឹងភាពជាដៃគូក្នុងក្របខ័ណ្ឌតំបន់នានា ដូចជាក្របខ័ណ្ឌ CLMV ក្របខ័ណ្ឌមហាអនុតំបន់មេគង្គ (GMS) មេគង្គ-ជប៉ុន មេគង្គ-ឡានឆាង មេគង្គ-កូរ៉ និងមេគង្គ-គង្គជាដើម»៕