កំពង់ស្ពឺ៖ សម្រាប់ឆ្នាំ ២០២៣ នេះ, ប្រាក់ឈ្នួលអប្បបរមាសម្រាប់បងប្អូនកម្មករ-និយោជិតក្នុងវិស័យកាត់ដេរ បានកើនឡើងដល់ ២០០ ដុល្លារ ក្នុងមួយខែ សម្រាប់កម្មករ-និយោជិតពេញសិទ្ធ និងនៅមានប្រាក់អត្ថប្រយោជន៍ផ្សេងទៀត ដូចជា៖ ប្រាក់រង្វាន់ធ្វើការទៀងទាត់, ប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅ, ប្រាក់អតីតភាពការងារ និងសេវាធានារ៉ាប់រងរបស់បេឡាជាតិសន្តិសុខសង្គម ដែលផ្តល់សេវាថែទាំសុខភាពដោយឥតគិតថ្លៃ។ នេះបើតាម លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និង ជាមេបញ្ជាការកងទ័ពជើងគោក ក្នុងពិធីសម្ពោធរោងចក្រ Aroma Success Garment Co., LTD. ស្តិតក្នុងខេត្តកំពង់ស្ពឺ នាថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣នេះ ។
លោកបន្តថា នៅក្នុងវិស័យការងារ រាជរដ្ឋាភិបាលដែលមាន សម្តេចតេជោ ជាប្រមុខដឹកនាំ បានយកចិត្តទុកដាក់លើកត្តាអាទិភាពចម្បងចំនួន ៣ រួមមាន៖ ទី១. ការបង្កើតការងារតាមរយៈការកៀរគរវិនិយោគិនមកពីទូទាំងសាកលលោក ដោយបានខិតខំថែរក្សានូវបរិយាកាសសន្តិភាព ស្ថិរភាព និងសន្តិសុខ រួមជាមួយនឹងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តសំខាន់ៗ ក៏ដូចជាការបង្កើតគោលនយោបាយលើកទឹកចិត្តនានា ដើម្បីធានាបានថា កម្ពុជាគឺជាគោលដៅដ៏ទាក់ទាញសម្រាប់ការវិនិយោគរយៈពេលវែង ដែលធានាដល់លំនឹងនៃឱកាសការងារជូនប្រជាពលរដ្ឋ។
ទី២. ការថែរក្សាឱកាសការងារតាមរយៈការរក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងបរិស្ថានការងារប្រកបដោយភាពសុខដុមរមនារវាងនិយោជិត និងនិយោជក ដែលជាតួអង្គសំខាន់ក្នុងការធានាបាននូវមូលដ្ឋានរីកលូតលាស់ចម្រុងចម្រើនរបស់រោងចក្រ-សហគ្រាស។
ទី៣. ការបង្កើនបន្ថែមទៀតនូវឱកាសការងារទាំងលើបរិមាណ, គុណភាព និងអត្ថប្រយោជន៍នានា សំដៅបង្កើនកម្រិតជីវភាព សុខុមាលភាព និងសមត្ថភាពជំនាញរបស់ប្រជាពលរដ្ឋកម្ពុជា នៅក្នុងបរិបទនៃការប្រកួតប្រជែងក្នុងចរន្តសាកលភាវូបនីយកម្ម៕ ដោយ៖ ពុទ្ធិពល