ជប៉ុនជួយថវិកា ១.៤ លានដុល្លារសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបឹងធំ

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុនតាមរយៈស្ថានទូតរបស់ខ្លួនប្រចាំនៅកម្ពុជាបានផ្តល់ថវិកា១.៤៩៤.០០០ ដុល្លារអាមេរិកដើម្បីសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបឹងធំ ដែលមានទីតាំងស្ថិតនៅភូមិបឹងធំទី៣ សង្កាត់ បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ក្នុងពិធីក្រុងពាលីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតកាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ ២០២៣ លោក ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបញ្ជាក់ថា សម្រាប់គម្រោងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបឹងធំ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានទទួលហិរញ្ញប្បទានឥតសំណងពីរាជរដ្ឋាភិបាលជប៉ុនតាមរយៈស្ថានទូតជប៉ុនប្រចាំកម្ពុជា ។

លោកបន្តថា ក្នុងនោះទុនវិនិយោគបានពីហិរញ្ញប្បទានឥតសំណងរបស់ជប៉ុនមានចំនួន ១.៤៩៤.០០០ ដុល្លារអាមេរិក ,បដិភាគរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញចំនួន៩៣១.៩០០ ដុល្លារអាមេរិករយៈពេលសាងសង់ ០៧ ខែចាប់ពីខែ មីនា ដល់ ខែ តុលា ឆ្នាំ ២០២៣ ។

លោកបន្ថែមថា រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតនេះ មានសម្ថភាពផលិតទឹកស្អាតបាន ៥.០០០ ម៉ែតត្រីគុណក្នុងមួយថ្ងៃ និងមានប្រវែងបណ្តាញចំនួន ៥១ គីឡូម៉ែត្រ ។

លោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាថ្លែងថា រដ្ឋាភិបាលជប៉ុនធ្វើការជាមួយកម្ពុជាលើវិស័យទឹកស្អាតនេះ ចាប់តាំងពី ឆ្នាំ ១៩៩៣ មក ។ ចាប់ផ្តើមពីកិច្ចសហប្រតិបត្តិការនេះមកក្រសួងឧស្សាហកម្ម គឺជាដៃគូមួយយ៉ាងសំខាន់ក្នុងការអនុវត្ត នូវគម្រោងទឹកស្អាតមួយចំនួនប្រកបដោយឆន្ទ:ខ្ពស់ និងការចូលរួមយ៉ាងសកម្ម ។

លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាលជប៉ុន ដែលបានរួមចំណែកយ៉ាងសកម្មក្នុងផែនការអភិវឌ្ឍនៅកម្ពុជានិយាយជារួម និងដោយឡែកវិស័យទឹកស្អាត ជប៉ុន បានដើរតួយ៉ាងសំខាន់នៅម្ពុជា ។

លោកបន្តថា និយាយឲ្យចំគឺប្រជាពលរដ្ឋកម្ពុជា ពេលបានទឹកស្អាតប្រើប្រាស់ពិតជានឹកឃើញ និងដឹងគុណដល់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុនជានិច្ច ។ ជាក់ស្តែងតំបន់នេះ ដែលរាជរដ្ឋាភិបាលទើបកាត់បញ្ចូលក្នុងដែនដីរដ្ឋបាល រាជធានីភ្នំពេញបើមិនមានជំនួយរបស់ជប៉ុនទេសង្កាត់ទាំង៣ ក្នុងខណ្ឌតំបូល រួមមាន សង្កាត់ បឹងធំ សង្កាត់ប្រទះឡាង និងពងទឹកនេះ គឺរង់ចាំដល់ឆ្នាំ២០៣០ ទើបមានទឹកស្អាតចូលដល់ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក រដ្ឋមន្ត្រីក៏បានអំពាវនាវដល់ប្រជាពលរដ្ឋថា «ពេលទឹកស្អាតតចូលផ្ទះបងប្អូនហើយ បងប្អូន ត្រូវឈប់ប្រើទឹកស្រះ ទឹកអណ្តូង ឬទឹកពីប្រភពផ្សេងៗ ដែលមិនបានធ្វើប្រ ព្រឹត្តិកម្ម ទឹកស្អាត តែអាចប្រើប្រាស់សម្រាប់ដំណាំ ឬសត្វផ្សេងៗបាន ។ មិនដូច្នេះទេ បងប្អូន នឹងអាចឆ្លងនូវជំងឺនានា ដែលត្រូវចំណាយពេលវេលា និងប្រាក់កាស់ព្យបាលតិចឬច្រើន» ។

លោកបន្តថា «តែបើយើងប្រើប្រាស់ទឹកដែលចេញពីអាងប្រព្រឹត្តកម្ម ដូចយើងបានរៀបចំពិធីថ្ងៃនេះ គឺជាទឹកដែលបានធ្វើប្រព្រឹត្តកម្មសម្លាប់មេរោគរួចរាល់ហើយ ជាទឹកដែលមានសុវត្ថិភាព ហើយតម្លៃទៀតសោត គឺមិនថ្លៃទេបើប្រៀបធៀបនឹងទឹកយកពីប្រភពផ្សេងៗដូចជា ជួលគេរែក ជួលគេដឹក ឬក៏ប្រើម៉ូទ័របូម ពីព្រោះទឹកស្អាតនេះ យើងបើកតែរ៉ូប៊ីណេ គឺអាចប្រើប្រាស់បានតែម្តង គ្រប់២៤ម៉ោង»៕ ដោយ៖ ពុទ្ធិពល