សម្តេច ហ៊ុន សែន ៖ គោលនយោបាយ បក្សប្រជាជន មិនមែនដាក់ចេញជាសន្យាខ្យល់

ភ្នំពេញ ៖ ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេច ហ៊ុន សែន បានលើកឡើងថា គណបក្សប្រជាជនកម្ពុជាមិនដាក់ចេញគោលនយោបាយណាដែលជាសន្យាខ្យល់ ដូចគណបក្សនយោបាយខ្លះទេ តែផ្ទុយទៅវិញ នឹងខិតខំដើម្បីប្រជាជនទទួលបានផលកាន់តែច្រើន។

ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិស្ស និស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មី នាថ្ងៃ៦ មីនា សម្តេច ហ៊ុន​ សែន មានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជាដក់ចេញគោលនយោបាយ មិនមែនជាគោលនយោបាយសន្យាខ្យល់នោះទេ។

សម្តេចគូសបញ្ជាក់ថា «យើងមិនបានបណ្តុះបង្គាប់គោលនយោបាយគណបក្សនយោបាយណាទេ ក៏ប៉ុន្តែសម្រាប់រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានអនុវត្តជាក់ស្តែងរួចហើយ ទទួលរួចហើយ និងពង្រីកការទទួលផលបន្ថែម សម្រាប់ប្រជាពលរដ្ឋទទួលបានផល»។

សម្តេចនាយករដ្ឋមន្ត្រីបន្តថា ពិតហើយដូចដេញថ្ងៃបានមកហើយ ចាប់ពីពេលនេះរហូតដល់ថ្ងៃទី២៣ខែកក្កដា ឆ្នាំ២០២៣ខាងមុខ (បោះឆ្នោតថ្នាក់ជាតិ) «ច្បាស់ជាមានបក្សនេះគេថាម្នាក់ត្រូវបានប៉ុណ្ណេះរៀល បក្សនោះគេថាប៉ុណ្ណោះរៀល។ បើឆ្នាំ២០១៣ខ្ញុំចាំ បក្សមួយគេថាបើបក្សខ្ញុំឈ្នះឲ្យសាំងនៅតែ១៨០០រៀលទេ ក្នុងមួយលីត្រ បក្សមួយទៀតថាបើបក្សគេឈ្នះ ឲ្យសាំងនៅតែ១៥០០រៀលក្នុងមួយលីត្រ ក្នុងពេលដែលខ្លួនមិនមានសាំងមួយដំណក់ក្នុងពេលខ្លួនគ្មានសាំង ហើយបែរកំណត់ថ្លៃ»។

សម្តេចក៏បានលើកឡើងថា ពេលនោះគណបក្សផ្សេងបានចោទ គណបក្សប្រជាជនកម្ពុជាថា ជាបក្សកុម្មុយនីស្ត តែដល់ទង្វើ និងរបៀបធ្វើបក្សខ្លួនដោយកំណត់ថ្លៃ ដោយមិនគោរពក្រិតក្រមទីផ្សារនោះ បែរជាទៅជាកំណត់ថ្លៃសាំង។ សម្តេចថា “តើនោះជាអ្វីដែរ គឺជាការធ្វើប្រជាភិថុទេ តែវាជាសិទ្ធិរបស់អ្នកឃោសនា? ណែ៎ អ្នកជឿក៏ជឿទៅ តែអ្នកខ្លះជិះកង់សោះ ទៅសន្យាឲ្យគេម៉ូតូនៅពេលគេឈ្នះ ! ខ្លួននៅផ្ទះស្បូវ សន្យាឲ្យផ្ទះក្បឿងឲ្យគេ”៕ ដោយ៖ រិន ចំរើន