ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)នៅថ្ងៃទី៣ ខែមីនា ឆ្នាំ ២០២៣នេះ បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី របៀបប្រើប្រាស់កម្មវិធីរៀបចំបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ជូនដល់តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ តំណាងក្រសួងមហាផ្ទៃ តំណាងគណបក្សនយោបាយ និងមន្រ្តី បុគ្គលិក គ.ជ.ប សរុបប្រមាណ ១០៨ នាក់ នៅទីស្ដីការ គ.ជ.ប។
បើតាមគ.ជ.ប កន្លងមកនេះ ក្នុងការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ គ.ជ.ប បានដាក់ឱ្យប្រើប្រាស់កម្មវិធីរៀបចំបញ្ជីបេក្ខជននៃគណបក្សនយោបាយម្ដងរួចហើយ ហើយកិច្ចការនេះទទួលបានលទ្ធផលជោគជ័យ គឺកាត់បន្ថយបាននូវបញ្ហាប្រឈមនានា។
គ.ជ.បបន្តថា សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ នេះ គ.ជ.ប បានសម្រេចដាក់ឱ្យប្រើប្រាស់កម្មវិធីរៀបចំបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ដើម្បីចៀសវាងនូវបញ្ហាប្រឈមមួយចំនួន ដូចជា៖ បេក្ខជនខុសឈ្មោះ និងទិន្នន័យ បេក្ខជនមិនគ្រប់អាយុសម្រាប់ការឈរឈ្មោះបោះឆ្នោត បេក្ខជនឈរឈ្មោះច្រើនជាងមួយគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះច្រើនមណ្ឌល។
លោក ម៉ុក ដារ៉ា អគ្គលេខាធិការរង គ.ជ.ប ថ្លែងថា នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ គ.ជ.ប បានចេញសេចក្ដីជូនដំណឹងស្ដីពីការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។ តាមរយៈសេចក្ដីជូនដំណឹងនេះ គ.ជ.ប បានកំណត់កាលបរិច្ឆេទក្នុងការដាក់ពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ មានរយៈពេល ១៥ ថ្ងៃ គឺចាប់ពីថ្ងៃទី២៤ ខែមេសា ដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣។
លោកថ្លែងថា ការរៀបចំបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ មាន ២ របៀបគឺ៖ ១- គណបក្សនយោបាយអាចរៀបចំបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជី បេក្ខជនឈរ ឈ្មោះ ដោយដៃ។ និង ២- គណបក្សនយោបាយអាចស្នើសុំបង្កើតគណនីប្រើប្រាស់កម្មវិធីរៀបចំបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ តាមកម្មវិធី (ប្រព័ន្ធកុំព្យូទ័រ)។
លោកគូសបញ្ជាក់ថា ការទទួលពាក្យសុំបង្កើតគណនីប្រើប្រាស់កម្មវិធីរៀបចំបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ គឺចាប់ពីថ្ងៃទី១ ខែមីនា ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣។
គ.ជ.ប សង្ឃឹមយ៉ាងមុតមាំថា គ្រប់គណបក្សនយោបាយ និងភាគីពាក់ព័ន្ធទាំងអស់នឹងបន្តសហការល្អក្នុងដំណើរការនៃការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ នេះ៕ ដោយ៖ ពុទ្ធិពល