លោក ជិន ម៉ាលីន លើកឡើងពីចំណេះដឹងផ្នែកច្បាប់អំពីករណីសំណុំរឿង លោក កឹម សុខា វគ្គ១

ភ្នំពេញ៖ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ និងជាអនុប្រធានគណៈកម្មការសិទ្ធិមនុស្សកម្ពុជា បានលើកឡើងពីចំណេះដឹងផ្នែកច្បាប់អំពីករណីសំណុំរឿង លោក កឹម សុខា វគ្គ១ អំពីការលើកកម្ពស់សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងការអនុវត្តច្បាប់ ក្រោយពីលោក កឹម សុខា ត្រូវបានរកឃើញមានទោស ពាក់ព័ន្ធនឹងបទចោទ «ឃុបឃិតជាមួយបរទេស »ឬ «ក្បត់ជាតិ»។

លោកលើកឡើងថា ការជំរុញ និងការលើកកម្ពស់សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ មិនមែនជាអំពើខុសច្បាប់នោះឡើយ ហើយសកម្មភាពទាំងនេះ ត្រូវបានធានាការពារដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ ប៉ុន្តែ តុលាការបានរកឃើញថា ការជំរុញ និងការលើកកម្ពស់សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ដែលធ្វើឡើង ដោយ មានការជួយជ្រោមជ្រែងឃុបឃិតត្រូវរ៉ូវគ្នា ក្នុងផែនការដោយសម្ងាត់ជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេស ក្នុងគោលបំណងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ដោយប្រើប្រាស់កម្លាំងមហាជន ឬធ្វើបដិវត្តពណ៌ផ្តួលរំលំដូចនៅ យូហ្គូស្លាវី និងស៊ែរប៊ី គឺជាអំពើខុសច្បាប់ ដែលអំពើនេះ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិភាពប្រទេស, សន្តិសុខជាតិ, ស្ថិរភាពសង្គម និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋទាំងមូល។

លោកបន្តថា ក្នុងន័យនេះ ជនជាប់ចោទបានប្រើប្រាស់ការលើកកម្ពស់សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ មកធ្វើជាលេស ឬជាឈ្នាន់ក្នុងការប្រមូលកម្លាំង មហាជន តាមគ្រប់មធ្យោបាយ ដោយស្របច្បាប់ និងមិនស្របច្បាប់ សំដៅធ្វើបដិវត្តពណ៌ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ក្រោមការឃុបឃិតត្រូវរ៉ូវគ្នាដោយសម្ងាត់ជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេស ៕
ដោយ៖ ពុទ្ធិពល