សម្តេច ហ៊ុន សែន ៖ គ្រប់វត្ត ត្រូវមានភ្លេងពិណពាទ្យ និងឆៃយ៉ាំ

ភ្នំពេញ ៖ ពិណពាទ្យ និងឆៃយ៉ាំជាឧបករណ៍ភ្លេងបុរាណខ្មែរតាំងបុរាណកាលមក ហើយដើម្បីចូលរួមអភិរក្ស និងកាត់បន្ថយការចាក់មេក្រូក្នុងកម្មវិធីបុណ្យទាន សម្តេច ហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពូជាបានស្នើឲ្យបណ្តាវត្តអារាមនៅទាំងប្រទេសត្រូវតែមានភ្លេងពិណពាទ្យ និងភ្លេងឆៃយ៉ាំ។

ការយកឱកាសឲ្យមានភ្លេងបុរាណទាំងវង់នៅក្នុងវត្តនេះរបស់សម្តេចបានធ្វើឡើង ក្នុងពិធីអបអរសាទរទិវាវប្បធម៌ជាតិ៣មីនា លើកទី២៥ និងពិសាអាហារសាមគ្គីជាមួយសិល្បករ-សិល្បការិនី នារសៀលថ្ងៃ២ មីនា។

នាឱកាសនោះសម្តេចថ្លែងថា «នៅតាមទីអារាមនានាជួយលើកបញ្ហាយ៉ាងហោចណាស់មានចំនួនពីរ គឺទាក់ទងនឹងភ្លេងពិណពាទ្យ និងឆៃយ៉ាំ»។

ចំណុចនេះសម្តេចបានរៀបរាប់ថា ភ្លេងពិណពាទ្យត្រូវទុកនៅតាមទីអារាម ខណៈបច្ចុប្បន្នវត្តអារាមប្រមាណ៤ពាន់វត្ត ឬទីអារាម ប្រសិនបើមានប្រហែល៥០%នូវភ្លេងពិណពាទ្យ ក៏មាន២ពាន់វង់ភ្លេងពិណពាទ្យដែរ ដូច្នេះក្នុងចំណោមភ្លេងពិណពាទ្យក្នុងមួយវង់មនុស្សចំនួន៦ឬ៧នាក់ ។ តើយើងបណ្តុះបណ្តាលជាមួយកុមារ ឬយុវជន ឬអ្នកកាន់ភ្លេងពិណពាទ្យនេះបានប៉ុន្មាន?។

សម្តេចបានលើកឡើងថា ការធ្វើបែបនេះ ជាការថែរក្សាមរតកដូនតា។ វង់ភ្លេងសម័យ ជារឿងរបស់គេ ប៉ុន្តែភ្លេងពិណពាទ្យគឺជារឿងកម្រមួយដែលអាចដាក់នៅតាមសាលាវិចិត្រសិល្បៈនានាបាន។

សម្តេចបញ្ជាក់បន្ថែមថា «ភ្លេងពិណពាទ្យនេះ នៅតាមវត្តអារាមត្រូវមានច្រើនជាងគេ ដូច្នេះខ្ញុំសូមអំពាវនាវដល់ព្រះសង្ឃគ្រប់ព្រះអង្គ ព្រះចៅអធិការវត្ត ក៏ដូចជាគណៈកម្មការវត្តបង្កើនការយកចិត្តទុកដាក់ទាក់ទាញការចូលរួមពីសប្បុរសពុទ្ធបរិស័ទជើងវត្ត ឬអ្នកមានធនធានដើម្បីឲ្យទីអារាមមានភ្លេងពិណពាទ្យ»។

ជាមួយគ្នានោះដែរ សម្តេច ហ៊ុន សែន បានលើកឡើងថា នៅតាមទីវត្តអារាមក៏ត្រូវមានភ្លេងឆៃយ៉ាំផងដែរ។ នៅតាមវត្តអារាមមិនជាច្រើននោះទេ តែយ៉ាងហោចណាស់ត្រូវតែ មានភ្លេងពិណពាទ្យ និងភ្លេចឆៃយ៉ាំ ដែលធ្វើឲ្យទីអារាមអាចចូលរួមចំណែកជួយដល់អភិរក្សនៃវង់ភ្លេងបុរាណ ។

សូមបញ្ជាក់ថា ភ្លេងពិណពាទ្យគឺត្រូវបានគេជឿថាមានប្រភពដើម នៅអំឡុងសម័យហ្វូណន ខណៈក្រុមនោះ ត្រូវបានគេហៅថា ពិណបាង និងប្រើប្រាស់ឧបករណ៍ហៅថាពិណ ដែលគេជឿថាបានផ្សព្វផ្សាយមកពីប្រទេសឥណ្ឌា ។ បន្ទាប់មកក្នុងសម័យអង្គរ មានសាក្សីខ្លះថា មានក្រុមមួយទៀតហៅថា កុងពិត ដែលត្រូវបានហៅមកពីឧបករណ៍តន្ត្រីកុង។ នៅពាក់កណ្តាលសម័យនោះមានក្រុមពីរ ដែលបម្រើឲ្យតាមអ្នកព្រហ្មញ្ញសាសនា និងអ្នកកាន់ព្រះពុទ្ធសាសនា ។ ក្នុងចំណោមភ្លេងខ្មែរទាំងអស់ តន្ត្រីពិណពាទ្យ គឺឆ្លុះបញ្ចាំងពីអំណាចក្នុងសម័យអង្គរ ។

 

ចំណែក របាំឆៃយ៉ាំ គឺជារបាំបុរាណ ដែលអ្នកវាយស្គរមានរូបរាងកំប្លែង ក្រមិចក្រមើម។ ការរាំ ត្រូវបានបង្ហាញពីសញ្ញានៃការហៅ និងការឆ្លើយតបមានអ្នកទះដៃ និងអ្នកវាយឃ្មោះ។ អ្នករាំស្លៀកពាក់ សម្លៀក បំពាក់កំប្លែង គូរមុខមាត់ ។ ឆៃយ៉ាំ គឺក្បួនហែនាំមុខគេដែលទាក់ទងទៅនឹងអ្នកកាន់ពុទ្ធសាសនាក្នុងការប្រារព្ធ ពិធីដូចជាការពិធីចេញព្រះវស្សា និងបុណ្យកឋិនទាន បុណ្យផ្កា និងពិធីបុណ្យផ្សេងៗទៀតដើម្បី បង្កើតនៅភាពសប្បាយរីករាយទាំងអស់គ្នា៕ ដោយ៖ រិន ចំរើន