ភ្នំពេញ ៖និយាយចំៗទៅកាន់អតីតបុគ្គលិកនៃវិទ្យុវិអូឌីដែលនៅសេសសល់មិនព្រមទៅដាក់ពាក្យចូលធ្វើការរដ្ឋតាមការប្រកាសរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានថ្លែងថា មិនទាន់ឃើញពួកគេទៅរៀនឡើងត្នោត ដើម្បីចាប់យកមកធ្វើជាមុខរបរនៅឡើយទេ ក្រោយវិទ្យុខ្លួនបានបិទជិតមួយខែមកនេះ ។
ក្រោយបិទការផ្សាយរបស់វិទ្យុវិអូឌីកាលពីអំឡុងដើមខែកុម្ភៈ ដោយមានក្តីអាណិតអាសូរដល់បុគ្គលិកជិត៥០នាក់ដែលមានអ្នកខ្លះធ្វើការបាន២០ឆ្នាំ និងខ្លះទៀតជិត១០ឆ្នាំ និងខ្លះទៀតទើបចូលហាត់ការនោះ សម្តេច បានផ្តល់ឱកាសឲ្យបុគ្គលិកទាំងនោះ បំពេញបំពេញបែបនិងឯកសារនានាតាមរយៈក្រសួងមុខងារសារធារណៈ ដើម្បីដាក់ពាក្យចូលបម្រើការងាររដ្ឋនៅតាមក្រសួង-ស្ថាប័ននានាដោយមិនចាំបាច់ឆ្លងកាត់ការប្រឡង។ ប៉ុន្តែក្នុងពេលសម្តេចប្រកាសបែបនេះ មានអតីតបុគ្គលិកខ្លះលើកឡើងថា “សុខចិត្តទៅឡើងត្នោតល្អជាង”។
គិតមកដល់ថ្ងៃ២៨ កុម្ភៈដែលជាថ្ងៃផុតឱសានវាទកំណត់ដោយសម្តេច ឈប់ទទួលពាក្យអតីតបុគ្គលិកវិអូឌីនោះ គឺមានត្រឹមតែ២៥នាក់ប៉ុណ្ណោះបានដាក់ពាក្យមកធ្វើការតាមការប្រកាសរបស់សម្តេច។ នេះបើតាមលោក សុខ ឥសាន នាថ្ងៃ២ មីនា ។
លោកគូសបញ្ជាក់ថា “បុគ្គលិកអតីតវិទ្យុវិអូឌីជាង២០នាក់ បានមកចុះឈ្មោះនិងបំពេញឯកសារសុំចូលធ្វើការរដ្ឋ។ ដោយឡែក មួយចំនួនដែលនៅសេសសល់ មិនទាន់ឃើញមានម្នាក់ណាទៅរៀនឡើងត្នោតឬស្រវ៉ាចាប់យកមុខរបរឡើងត្នោតធ្វើស្ករនិងទឹកត្នោតជូរនៅឡើយ”។
លោកថា មុខរបរឡើងត្នោតធ្វើស្ករ និងធ្វើទឹកត្នោតជូរ ជាមុខរបរប្រពៃណីខ្មែរ តាំងពីយូរលង់មកហើយ តែចំពោះអតីតបុគ្គលិកវិអូឌី ខ្លាចតែមិនហ៊ានធ្វើ ដោយខ្វះបទពិសោធន៍និងមិនធ្លាប់ធ្វើមិនកើត ។ ដូច្នេះគួរតែទុកឲ្យមេ(លោក ប៉ា ងួនទៀង)វិអូឌី ធ្វើវិញប្រសើរជាង៕ ដោយ៖ រិន ចំរើន