ភ្នំពេញ ៖ ក្នុងឆ្នាំ២០២២ ក្រសួងការបរទេសខ្មែរបានផ្តល់ការគាំទ្រ គាំពារ ជួយសង្គ្រោះ និងសម្របសម្រួលមាតុភូមិនិវត្តន៍ ដល់ពលរដ្ឋខ្មែររងគ្រោះដោយការរំលោភសិទ្ធិសេរីភាពនៅបរទេស និងអំពើជួញដូរមនុស្សចំនួន៧ ៩៥៣នាក់ ។
ពលរដ្ឋខ្មែរដែលរងគ្រោះនោះមាននៅប្រទេសថៃ ឡាវ វៀតណាម ម៉ាឡេស៊ី ចិន ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា សិង្ហបុរី។ នេះបើតាមលោក អ៊ុច បូររិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ ក្រសួងការបរទេសខ្មែរ បានបញ្ជាក់ក្នុងពិធីបើកសន្និបាតបូកសរុប លទ្ធផលការងារឆ្នាំ២០២២ របស់ក្រសួងការបរទេស នាថ្ងៃ១ ខែមីនា ។
លោកបន្តថា ស្ថានតំណាងកម្ពុជាប្រចាំនៅបរទេស បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការប្រាស្រ័យទាក់ទងជាមួយពលរដ្ឋកម្ពុជា រស់នៅបរទេសដូចជា ៖ អាមេរិក បារាំង អឺរ៉ុប និងអូស្ត្រាលី ក៏ដូចជាសម្របសម្រួលដល់សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ សិស្ស និស្សិត ពលករ កំពុងរស់នៅ ធ្វើការ និងសិក្សានៅបរទេសផងដែរ ។ ដោយក្នុងនោះ ដូចជាការផ្តល់សេវារដ្ឋបាល សេវាកុងស៊ុល និងការឧបត្ថម្ភគាំពារផ្សេងៗទៀតផងដែរ ៕ ដោយ៖ រិន ចំរើន