កីឡាករ ព្រំ សំណាង ទទួលបានម៉ូតូមួយគ្រឿងពីអភិបាលខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ៖ កីឡាករគុនខ្មែរ លោក ព្រំ សំណាង ទទួលបានម៉ូតូមួយគ្រឿង ពីលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ក្រោយពីកីឡាកររូបនេះ ទទួលនជ័យជម្នះជាបន្តបន្ទាប់ នៅ ThaiFight និងនៅកម្ពុជា។

លោក វ៉ី សំណាង ឱ្យដឹងថា ដើម្បីឆ្លើយតបជាមួយនឹងការខិតខំប្រឹងប្រែងរបស់កីឡាករ ព្រំ សំណាង ថ្ងៃនេះលោកលើកទឹកចិត្ត ដោយប្រគល់ម៉ូតូមួយគ្រឿង សម្រាប់ជាមធ្យោបាយធ្វើដំណើរក្នុងការហ្វឹកហាត់ ដើម្បីក្លាយជាកីឡាករអាជីព Sea Games នៅពេលដែលប្រទេសយើងនឹងធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមនាពេលខាងមុខ។

លោកបានជូនពរកីឡាករកីឡាការិនីរបស់កម្ពុជា ជាពិសេសកីឡាករ ព្រំ សំណាង សូមទទួលបានជោគជ័យគ្រប់សង្វៀនប្រកួតទាំងអស់។

កីឡាករ ព្រំ សំណាង មានដើមកំណើតមកពីខេត្តកំពង់ស្ពឺរូបនេះ ធ្លាប់បានលើកឡើងថា លោកស្ទើតែបោះបង់ចោលអាជីពជាអ្នកប្រដាល់គុនខ្មែរ ដោយសារតែស្ថានភាពគ្រួសារ ប៉ុន្តែ ដោយការព្យាយាម និងអត់ធ្មត់ជាពិសេស ស្រឡាញ់អាជីពនេះ ក៏បន្តហ្វឹកហាត់ និងឡើងប្រកួតចុងក្រោយនេះ ទទួលបានជ័យជម្នះ ជាបន្តបន្ទាប់ធ្វើ ឱ្យលោកទទួលបានការគាំទ្រច្រើន៕
ដោយ៖ ពុទ្ធិពល