អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ ៖ ការប្រមាថព្រះមហាក្សត្រ ជាទង្វើខុសច្បាប់ អសីលធម៌

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកដែលមានភារកិច្ចការពារព្រះមហាក្សត្រ រាជរដ្ឋាភិបាល បានថ្លែងថា ការប្រមាថលើអង្គព្រះមហាក្សត្រ គឺជាទង្វើខុសច្បាប់ អសីលធម៌ និងមិនមានការទទួលខុសត្រូវក្នុងនាមជាពលរដ្ឋ ។

ការថ្លែងដោយមិនបញ្ចេញចំឈ្មោះបុគ្គលណាមួយដែលបានប្រមាថព្រះមហាក្សត្រកម្ពុជា របស់លោក ហ៊ុន ម៉ាណែត ជាកូនប្រុសច្បងរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជានិងជាបេក្ខជននាយករដ្ឋមន្រ្តីនាពេលអនាគត ក្រោយពីលោក សម រង្ស៊ី ដែលថ្នាក់កំពូលកម្ពុជាចាត់ទុកជាពូជក្បត់ជាតិ៣ជំនាន់នោះ(ជីតា-ឪពុកនិងសម រង្ស៊ី) និងអ្នកគាំទ្រខ្លួនបានបញ្ចេញមតិក្នុងន័យប្រមាថមាក់ងាយមកលើព្រះមហាក្សត្រជាញឹកញាប់។

ក្នុងពិធីសម្ពោធអគារទីបញ្ជាការ និងសមិទ្ធផលនានា របស់បញ្ជាការដ្ឋានកាំភ្លើងធំ កងទ័ពជើងគោក នៅកំពង់ឆ្នាំង នាថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកពីអនុលោមតាមរដ្ឋធម្មនុញ្ញ, គោលការណ៍ច្បាប់ និងនយោបាយការពារជាតិរបស់ព្រះរាជាណាចក្រកម្ពុជា គឺកងយោធពលខេមរភូមិន្ទ ត្រូវរក្សាភាពស្មោះត្រង់ និងភាពដាច់ខាតនៅក្នុងកិច្ចការពារជាតិ សាសនា ព្រះមហាក្សត្រ, ការពាររដ្ឋធម្មនុញ្ញ និងរាជរដ្ឋាភិបាលស្របច្បាប់ និងត្រូវបន្តប្រុងប្រៀបត្រៀមលក្ខណៈធានាអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន ដើម្បីការពារសន្តិភាព សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយសង្គម និងស្ថិរភាពជាតិ។

ឧត្តមសេនីយ៍ឯកមេបញ្ជាការកងទ័ពជើងគោក សង្កត់ធ្ងន់ថា «ការប្រមាថលើអង្គព្រះមហាក្សត្រ គឺជាទង្វើខុសច្បាប់ អសីលធម៌ និងមិនមានការទទួលខុសត្រូវក្នុងនាមជាពលរដ្ឋ។ ដូច្នេះ ក្នុងនាមជាកងកម្លាំងដែលមានភក្តីភាពចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ កងទ័ពជើងគោកសូមប្តេជ្ញាការពារអង្គព្រះមហាក្សត្រ របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ សន្តិភាព និងការបង្រួបបង្រួមជាតិ ដើម្បីធានាការពារនិរន្តរភាព និងផលប្រយោជន៍ដ៏ខ្ពង់ខ្ពស់របស់ជាតិ ដោយប្រឆាំងដាច់ខាតចំពោះរាល់អំពើខុសច្បាប់ទាំងឡាយណា ដែលញុះញង់ឲ្យបែកបាក់សាមគ្គីភាពជាតិ” ។

លោកបន្តថា តាមរយៈប្រវត្តិសាស្ត្រដ៏ជូរចត់របស់កម្ពុជា គឺបានសបញ្ជាក់ហើយថា ការបែកបាក់សាមគ្គីបាននាំមកនូវសង្រ្គាម ដែលជាសត្រូវរួមរបស់ប្រជាជាតិខែ្មរទាំងមូល ៕
ដោយ៖ រិន ចំរើន