លោក លី ច័ន្ទតុលា ពន្យល់ពីការដាក់ទណ្ឌកម្មជាបទវិន័យលើមេធាវី សំ សុគង់ និងមេធាវី ជូ ជូងី

ភ្នំពេញ៖ លោក លីច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានពន្យល់ ពីការដាក់ទណ្ឌកម្មជាបទពិន័យលើលោកមេធាវី សំ សុគង់ និងលោក មេធាវី ជូ ជូងី ពាក់ព័ន្ធនឹងករណីមិនគោរពតាមវិធានវិជ្ជាជីវៈរបស់មេធាវី ដោយបានអធិប្បាយតាមសារព័ត៌មាន (វិទ្យុអាស៊ីសេរី) ធ្វើឱ្យប៉ះពាល់ដល់កូនក្តី ។

ក្នុងសិក្ខាសាលាលើកទី៤ ស្តីពីសិទ្ធិពិរុទ្ធជននៅដំណាក់កាលបណ្តឹងឧទ្ធរណ៍ និងបណ្តឹងសារទុក្ខនៅថ្ងៃទី ១ ខែមីនា នេះ លោក លី ច័ន្ទតុលា ពន្យល់ថា ការដាក់ទណ្ឌកម្មពិន័យលើ លោក មេធាវី សំ សុគង់ និងលោកមេធាវីជូ ជូងី នេះ ធ្វើឡើង បន្ទាប់ពីលោកមេធាវីទាំងពីររូបនេះ បានប្រព្រឹត្តិខុសនឹងវិជ្ជាជីវៈមេធាវី ដោយបានផ្តល់កិច្ចសម្ភាសន៍ដល់សារព័ត៌មានដោយមិនបានរក្សាសម្ងាត់ចំពោះកូនក្តីរបស់ខ្លួន ។

លោកបន្តថា ពាក់ព័ន្ធនឹងបញ្ហានេះ កូនក្តីរបស់អ្នកទាំងពីរមិនសប្បាយចិត្ត និងធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរបស់ខ្លួន ក៏បានប្តឹងមកគណៈមេធាវីឱ្យមានវិធានការ ។ ដូច្នេះ ហើយ ក្រុមប្រឹក្សាគណៈមេធាវី ក៏បានដាក់ទណ្ឌកម្មពិន័យលើមេធាវីទាំងពីរូប ហើយមេធាវីទាំងពីររូបក៏បានទទួលកំហុសនេះផងដែរ។

លោកមេធាវី ជូ ជូងី

លោកថ្លែងថា៖ «គាត់ទាំងពីរនាក់បានផ្តល់សម្ភាសជូនទៅសារព័ត៌មាន ហើយនៅក្នុងការសម្ភាសរបស់គាត់នេះ ទី ១ គាត់អត់ទាន់មានសំណុំរឿងនៅក្នុងដៃទេ គាត់អត់ដឹងរឿងទេ គាត់ដឹងប្រហែលៗ គាត់លឺ កូនក្តីប្រាប់ ហើយគាត់យកមកនិយាយប្រាប់ទៅសារព័ត៌មាន ហើយគាត់វិនិច្ច័យ គេធ្វើខុស គេធ្វើត្រូវ តុលាការធ្វើខុស ធ្វើត្រូវអីចឹងទៅ សួរថា អាហ្នឹងក្រមខណ្ឌវិជ្ជាជីវៈរបស់យើងវាយ៉ាងម៉ិច »។

លោកបន្តថា «អីចឹង!យើងមានក្រមសីលធម៌របស់យើង ដែលពាក់ព័ន្ធនឹងបទអន្តរាគមន៍ជាសាធារណៈ ។ អីចឹង យើងមេធាវី យើងមិនចេះតែនិយាយទេ បើយើងនិយាយក្នុងក្របខណ្ឌសំណុំរឿងមួយ ត្រូវគិតអំពីការគោរព និងការសម្ងាត់វិជ្ជាជីវៈ ទី ២ ត្រូវគោរពការសម្ងាត់ក្នុងកិច្ចស៊ើបសួរ អាហ្នឹងត្រូវគិត ប៉ុន្តែ ពីនាក់ហ្នឹងថា គេចូលចិត្តសម្ភាសន៍គាត់ ។ អីចឹងនៅពេលដែលគេមកសម្ភាសដាក់មួយអស់ដៃហ្មង ។ វាលើស »។

បើតាមលោក លី ច័ន្ទតុលា បើគ្រាន់តែកូនក្តី គេមកពិភាក្សា និងពិគ្រោះយោបល់ជាមួយ ហើយយកការពិគ្រោះយោបល់ទាំងនោះទៅប្រាប់គេអស់ កូនក្តីនឹងមិនសប្បាយចិត្ត គាត់នឹងមកប្តឹង បើនិយាយទៅបានប្រយោជន៍គាត់មិនអីនោះទេ ប៉ុន្តែពួកគាត់និយាយទៅ ប៉ះពាល់ដល់កូនក្តី ហើយគេក៏មកប្តឹងគណៈមេធាវី ។ ដូច្នេះ បទអន្តរាគមន៍ផ្សព្វផ្សាយព័ត៌មាន នៃការពិគ្រោះយោបល់ពីកូនក្តី ត្រូវមានការអនុញ្ញាតពីកូនក្តី មិនមែនចេះតែនិយាយនោះទេ ។ មួយវិញទៀត បើមានសំណុំរឿងនៅក្នុងដៃនៅក្នុងដំណាក់កាល ស៊ើបសួរ នោះយើងក៏ត្រូវគោរពវិធានពាក់ព័ន្ធនឹងការសម្ងាត់នៃការស៊ើបសួរដែរ ។

លោកថ្លែងថា៖ «ការនិយាយជាសាធារណៈរបស់មេធាវីនេះ គឺវាមិនចេះតែធ្វើទេ ហើយពេលខ្លះ យើងធ្វើក្រោមហេតុផលនយោបាយ ហើយវាយប្រហារស្ថាប័នរបស់គេ ។ ដូចគាត់ពីរនាក់ហ្នឹង គាត់និយាយថា តុលាការ ចេញដីការខុសច្បាប់ ហើយនៅពេលសួរគាត់សម្អាងរឿងអី គាត់ថាឃើញគេបង្ហោះដីការនៅលើហ្វេសបុក ។ និយាយហ្នឹង មានព័ត៌មានគ្រប់ជ្រុងជ្រោយហើយឬនៅ គាត់ថា កូនក្តីរបស់គាត់ប្រាប់មកអីចឹង»។

លោកមេធាវី សំ សុគង់

លោក លី ច័ន្ទតុលាបញ្ជាក់ថា គណៈមេធាវីមិនហាមឃាត់ មិនឱ្យនិយាយនោះទេ ប៉ុន្តែ ត្រូវនិយាយមានក្រមវិជ្ជាជីវៈមេធាវី បើនិយាយក្នុងនាមជាមេធាវី ឱ្យច្បាប់ជាមេធាវី បើនិយាក្នុងនាមអ្នកច្បាប់ ឱ្យច្បាស់ក្នុងនាមជាអ្នកច្បាប់ និងបើនិយាយក្នុងនាមជាអ្នកនយោបាយ ត្រូវ ឱ្យច្បាស់ជាអ្នកនយោបាយ ព្រោះអ្នកនយោបាយ មិនមានក្រមសីលធម៌វិជ្ជាជីវៈ នោះទេ ដែលផ្ទុយទៅនឹង មេធាវី។

កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមប្រឹក្សាគណៈមេធាវីបានសម្រេចដាក់ទណ្ឌកម្មជាបទវិន័យលើលោកមេធាវី សំ សុគង់ អត្តលេខ៣២១ ដោយធ្វើការស្តីបន្ទោសជាលាយលក្ខណ៍អក្សរ តាមបញ្ញត្តិនៃមាត្រា៥៩ និងមាត្រា៦៣ នៃច្បាប់ ស្តីពីលក្ខន្តិកៈមេធាវី និងសម្រេចផ្សាយជាសាធារណៈ តាមបញ្ញត្តិនៃមាត្រា៦៥ នៃច្បាប់ស្តីពី លក្ខន្តិកៈមេធាវី។

ដោយឡែក កាលពីទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមប្រឹក្សា គណៈមេធាវីបានសម្រេចដាក់ទណ្ឌកម្មជាបទវិន័យលើលោកមេធាវី ជូង ជូងី អត្តលេខ៣០០ ដោយធ្វើការស្តីបន្ទោសជាលាយលក្ខណ៍អក្សរ តាមបញ្ញត្តិនៃមាត្រា៥៩ និងមាត្រា៦៣ នៃច្បាប់ ស្ដីពីលក្ខន្តិកៈមេធាវី និងសម្រេចផ្សាយជាសាធារណៈ តាមបញ្ញត្តិនៃមាត្រា៦៥ នៃច្បាប់ស្តីពី លក្ខន្តិកៈមេធាវី។

ក្រុមប្រឹក្សាគណៈមេធាវីយល់ឃើញថា លោកមេធាវី សំ សុគង់ និងមេធាវី ជូ ជូងី បានផ្តល់ បទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី(RFA)ផ្សាយលើទំព័រហ្វេសប៊ុក កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ដែលខ្លឹមសារនៃកិច្ចសម្ភាសន៍នេះបានរំលោភលើមាត្រា៦(សុចរិតភាពនិងភាព ស្មោះត្រង់) មាត្រា១៧(អន្តរាគមន៍តាមប្រព័ន្ធផ្សាយព័ត៌មានជាសាធារណៈនៃមេធាវី) និង មាត្រា២៣(លិខិតប្រគល់សិទ្ធិ) នៃក្រមសីលធម៌មេធាវី ប្រការ១ និងប្រការ៣ នៃបទបញ្ជាផ្ទៃក្នុងនៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា៕ ដោយ៖ ពុទ្ធិពល