គណបក្ស ភ្លើងទៀន បង្កើតគណៈកម្មការគ្រប់គ្រង និងដឹកនាំយុទ្ធនាការសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី ៧ ឆ្នាំ២០២៣

ភ្នំពេញ៖ គណបក្ស ភ្លើងទៀន សម្រេចបង្កើត គណៈកម្មការគ្រប់គ្រង និងដឹកនាំយុទ្ធនាការសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី ៧ ឆ្នាំ២០២៣ ដើម្បីរៀបចំការងារបោះឆ្នោតគណបក្ស ឲ្យមានប្រសិទ្ធភាព ឆ្ពោះទៅដណ្ដើមជ័យជម្នះក្នុងការបោះឆ្នោតជាតិនាខែកក្កដាខាងមុខ។

គណបក្សនេះឱ្យដឹងនៅថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២៣ នេះ ថា ក្បាលម៉ាស៊ីនដឹកនាំរបស់គណៈកម្មការនេះ គឺជាថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណបក្សរួមមាន៖ លោក ទាវ វណ្ណុល, លោក សុន ឆ័យ, លោក ចេប គឹមអ៊ាង, លោក រ៉ុង ឈុន, លោក សុក ហាច, លោក លី សុធារ៉ាយុត្តិ, លោក សេង ម៉ារឌី, លោក ហុង សុខហួរ ។ល។

គណបក្សនេះបន្តថា ដោយឡែក គណៈកម្មការគ្រប់គ្រង និងដឹកនាំយុទ្ធនាការសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី ៧ ឆ្នាំ២០២៣ មានអនុគណៈកម្មការចំនួន ៦៖ ១-អនុគណៈកម្មការទំនាក់ទំនងសាធារណៈ ដឹកនាំដោយលោក គង់ មុនីកា ២-អនុគណៈកម្មការរៀបចំផែនការ ត្រួតពិនិត្យ និងពង្រឹងសមត្ថភាពឃោសនិក និងភ្នាក់ងារសង្កេតការណ៍ ដឹកនាំដោយលោក សុខ គឹមសេង ៣-អនុគណៈកម្មការអប់រំ និងបណ្ដុះបណ្ដាល ដឹកនាំដោយលោក ស៊ុន ចន្ធី ៤-អនុគណៈកម្មការគ្រប់គ្រងព័ត៌មាន និងផ្សព្វផ្សាយ ដឹកនាំដោយលោក គីមសួរ ភិរិទ្ធ ៥-អនុគណៈកម្មការគ្រប់គ្រងលទ្ធផល និងវិវាទបោះឆ្នោត ដឹកនាំដោយលោក ហុង សុខហួរ និង ៦-អនុគណៈកម្មការគ្រប់គ្រងហិរញ្ញវត្ថុ ដឹកនាំដោយលោក សេង ម៉ារឌី។

បើតាមគណបក្ស លោក សុខ គឹមសេង គឺជាអនុប្រធានប្រចាំការ នៃគណៈកម្មការគ្រប់គ្រង និងដឹកនាំយុទ្ធនាការសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិ ទី៧ ឆ្នាំ២០២៣ ដែលមានតួនាទី និងភារកិច្ចដឹកនាំការងារប្រចាំថ្ងៃរបស់ក្រុមការងារប្រតិបត្តិ ដែលជាសេនាធិការរបស់គណៈកម្មការគ្រប់គ្រង និងដឹកនាំយុទ្ធនាការសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ ឆ្នាំ២០២៣៕ ដោយ៖ ពុទ្ធិពល