សម្តេច ហ៊ុន សែន ទូល​ថ្វាយ​ព្រះមហាក្សត្រ​ថា ក្រោយពេល​សម្តេច​ដកខ្លួន គឺ​ឱ្យ​កូន​បន្ត​ដឹកនាំ​

សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានប្រកាស​ជា​សាធារណៈ​ថា សម្តេច បាន​ទួល​ថ្វាយ​ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​ខ្មែរ និង​ព្រះវររាជ​មាតា​ជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ថា បន្ទាប់ពី​សម្តេច​ដកខ្លួន​ទៅ លោក ហ៊ុន ម៉ា​ណែ​ត កូនប្រុស​ច្បង​របស់​សម្តេច​ នឹង​ដឹកនាំ​បន្តទៀត​។​

​ថ្លែង​ក្នុង​ពិធី​សម្ពោធ​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ថ្មី​នៅ​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ឫស្សីកែវ ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ សម្តេច ហ៊ុន សែន បាន​បញ្ជាក់ថា “​អញ្ចឹង​កាលដែល​ខ្ញុំ​ នាំ​កូន​ទៅ​ដើម្បី​ទូល​ថ្វាយ ហើយ​ខ្ញុំ​និយាយ​ឱ្យ​ត្រង់​ទៅ​ក៏​ដើម្បី​បញ្ជាក់​ថ្វាយ​ព្រះអង្គ​ដែរ​ថា ថ្ងៃក្រោយ​ទួល​ព្រះ​បង្គំ​ដកខ្លួន​ហើយ​ឱ្យ​កូន​បន្តទៅ​”​។​

​ការប្រកាស​របស់​សម្តេច​បែបនេះ គឺធ្វើឡើង​បន្ទាប់ពី​មាន​ក្រុមអ្នកវិភាគ​មួយចំនួន​បានលើកឡើង​ថា លោក ហ៊ុន ម៉ា​ណែ​ត ចូលគាល់​ព្រះមហាក្សត្រ​ជាមួយ​សម្តេច​នៅ​ព្រះបរមរាជវាំង​កាលពី​ពេល​ថ្មីៗ​នេះ ដូចជា​មិន​សម​។

ពួកគេ​លើកឡើងថា ជា​មេបញ្ជាការ​កងទ័ពជើងគោក​គ្មាន​ភារកិច្ច​អ្វី​ត្រូវ​ទៅ​រាយការណ៍​ថ្វាយ​ព្រះមហាក្សត្រ​នោះទេ ហើយ​បើ​​​នាំ​ទៅ​ឱ្យ​ព្រះមហាក្សត្រ​ស្គាល់​ពី​បេក្ខភាព​នាយករដ្ឋមន្ត្រី​ក៏​រឹតតែ​ខុស​ទៅទៀត​ ដោយសារតែ​រូបលោក​ត្រូវបាន​មេដឹកនាំ​វៀតណាម និង​មី​យ៉ាន់​ម៉ា​ស្គាល់​មុន​រួចហើយនោះ។

​សម្តេច បាន​បន្តថា លោក ហ៊ុន ម៉ា​ណែ​ត ក្នុង​រយៈពេល​នៃ​ការប្រយុទ្ធប្រឆាំង​កូ​វីដ​១៩​នេះ លោក​បាន​ខិតខំ​យ៉ាងខ្លាំង​ដើម្បី​ការពារ​ព្រះបរមរាជវាំង​ដោយ​រៀបចំ​យ៉ាងណា​ឱ្យ​ព្រះបរមរាជវាំង​មាន​សុវត្ថិភាព​។​

​សូម​រម្លឹក​ជូន​ថា លោក ហ៊ុន ម៉ា​ណែ​ត ដែល​ត្រូវជា​កូនច្បង​របស់​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ត្រូវបាន​គណបក្ស​ប្រជាជន​កម្ពុជា គាំទ្រ​សម្រាប់​ការជ្រើសតាំង​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​នាពេល​អនាគត​ជា​ផ្លូវការ​ហើយ​។ ការសម្រេច​គាំទ្រ​នេះ បាន​ធ្វើឡើង​នៅក្នុង​សន្និបាត​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន កាលពី​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ឆ្នាំ​២០២១៕​