លោក ប្រាក់ សុខុន ៖ មន្ត្រីទូតកម្ពុជា ត្រូវប្រើប្រាស់ការទូតបែបឌីជីថល ដើម្បីការពារ និងលើកកម្ពស់ផលប្រយោជន៍ជាតិ

ភ្នំពេញ ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ បានថ្លែងដោយសង្កត់ធ្ងន់ថា មន្ត្រីការទូតកម្ពុជាត្រូវប្រើប្រាស់ការទូត បែបឌីជីថលឲ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព សំដៅប្រមូលផ្ដុំ និងពង្រីកអំណាចទន់ ឬ Soft Power ដើម្បីការពារ និងលើកកម្ពស់ផលប្រយោជន៍របស់ជាតិយើង ។

ក្នុងសិក្ខាសាលាស្តីពី «ការពង្រឹងសមត្ថភាពជំនាញឌីជីថល សម្រាប់មន្ត្រីការទូតកម្ពុជា» នៅថ្ងៃទី២៨ ខែកុម្ភៈឆ្នាំ២០២៣ រៀបចំឡើងដោយក្រុមការងារ សម្របសម្រួលការទូតសេដ្ឋកិច្ច សហការជាមួយក្រសួងប្រៃសណីយ៍ លោក ប្រាក់ សុខុន បានមានប្រសាសន៍ថា សិក្ខាសាលាខាងលើមានគោលបំណងបង្កើនចំណេះដឹង និងជំនាញរបស់មន្ត្រីការទូតកម្ពុជា ក្នុងការប្រើប្រាស់ប្រព័ន្ធឌីជីថលសំខាន់ៗ ដើម្បីបំពេញការងារឲ្យបានល្អប្រសើរ និងមានប្រសិទ្ធភាព ស្របទៅតាមបរិបទយុគសម័យឌីជីថល។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានកត់សម្គាល់លើការរីកចម្រើន នៃបច្ចេកវិទ្យាក្រោមបដិវត្តន៍ឧស្សាហកម្មទី៤ ដែលបានកែប្រែការប្រាស្រ័យទាក់ទងគ្នា ការទទួលយកព័ត៌មាន និងរបៀបរបបធ្វើការ ។

លោកបន្ថែមថា ការទូតបែបឌីជីថលបានកំពុងទទួលការចាប់អារម្មណ៍ខ្លាំងពីសង្គមបច្ចុប្បន្ន ហើយត្រូវបានទទួលស្គាល់ថាជាឧបករណ៍ដ៏មានសារៈសំខាន់មួយដែលអ្នកនយោបាយ និងអ្នកការទូតកម្ពុជាបានកំពុងប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណែត និងបណ្តាញសង្គមនានា ដើម្បីផ្សព្វផ្សាយព័ត៌មាន និងជម្រុញទំនាក់ទំនងជាមួយសាធារណជន។

ទន្ទឹមនឹងនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ពីតួនាទីដ៏សំខាន់ នៃប្រព័ន្ធឌីជីថលដល់ការធ្វើជាម្ចាស់ផ្ទះ ប្រកបដោយភាពជោគជ័យរបស់កម្ពុជា ក្នុងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ កាលពីឆ្នាំ២០២១ និងកិច្ចប្រជុំអាស៊ាននានាក្នុងឆ្នាំ២០២២ ៕ ដោយ៖ រិន ចំរើន