ក្រោយដោះស្រាយចប់រឿងសត្វក្ងោក សម្តេច ហ៊ុន សែន លើកទឹកចិត្តពលរដ្ឋចិញ្ចឹមសត្វជិតផុតពូជ

ភ្នំពេញ ៖ ខណៈដោះស្រាយចប់សព្វគ្រប់ រឿងសត្វក្ងោកជាសត្វជិតផុតឲ្យទៅម្ចាស់ដើមវិញ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋចិញ្ចឹមសត្វកម្រជិតផុតពូជ សម្រាប់ភ្ញៀវទេសចរណ៍ទស្សនា ដើម្បីទទួលកម្រៃពីទេសចរណ៍ផងដែរ។

ថ្មីៗនេះមានក្រុមគ្រួសារមួយបានចិញ្ចឹមសត្វក្ងោកដែលជាសត្វជិតផុតពូជអស់រយៈកាលយូរល្មមដែរ ប៉ុន្តែកាលពីថ្ងៃ២០ កុម្ភៈ មានមន្រ្តីនៃរដ្ឋបាលព្រៃឈើចាប់ដកហូតយកមកទុកសួនសត្វភ្នំតាម៉ៅ ដោយចោទថា ការចិញ្ចឹមនេះខុសច្បាប់ ។ ក្រោយកើតរឿងហេតុ ដោយសារទទួលសារពីពលរដ្ឋមិនពេញចិត្តចំពោះទង្វើរបស់មន្រ្តីរដ្ឋបាលព្រៃឈើ សម្ដេច កាលពីថ្ងៃ២៨ កុម្ភៈ បានចេញបទបញ្ជាបន្ទាន់ឲ្យមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដែលចុះទៅចាប់សត្វក្ងោក នៅផ្ទះប្រជាពលរដ្ឋ ក្នុងស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង យកទៅប្រគល់ជូនដល់ម្ចាស់គេវិញ ។ បន្ទាប់ពីមានបញ្ជាពីសម្តេចមិនដល់២ម៉ោងផង ក៏បានបញ្ជូនសត្វក្ងោកទាំង២០ក្បាលឲ្យម្ចាស់ដើមវិញនាថ្ងៃដដែល។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សាចំនួន ២ខ្នង និងប្រគល់សញ្ញាបត្រជូននិស្សិត នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នាថ្ងៃ១ មីនា សម្ដេចបានណែនាំដល់ប្រជាពលរដ្ឋចិញ្ចឹមសត្វដែលជិតផុតពូជ ជាជាងទៅចាប់យកសត្វដែលប្រជាពលរដ្ឋខំចិញ្ចឹមមកទុក។ សម្ដេចថា បើយកទោសចំពោះអ្នកចិញ្ចឹមសត្វក្ងោកនោះ អ្នកមានទោសមុនគេគឺ សម្តេច បន្ទាប់មកលោក ហ៊ុន ម៉ានិត, លោក ហ៊ុន តូ និងលោកស្រី ហ៊ុន ម៉ាលីស ដោយគ្រួសារសម្តេចក៏បានចិញ្ចឹមសត្វក្ងោកនេះដែរ ។

សម្ដេចបញ្ជាក់ថា «ប្រភពសត្វជិតផុតពូជនេះ គឺយើងបកពីការរឹតត្បិត ឲ្យទៅជាចលនាចិញ្ចឹមសត្វ ដែលជិតផុតពូនេះ ព្រោះអាហ្នឹងអត់មានខាតអីទាល់តែសោះ ហើយចិញ្ចឹមដើម្បីយកសាច់ យកសាច់ទៅធ្វើអី អាណាស៊ីសាច់ក្ងោក។ នាំគ្នាចិញ្ចឹម ហើយប្រជាពលរដ្ឋអាចដាក់ទីតាំងមួយសម្រាប់មើលរបស់ប្រជាជន ហើយអាចទទួលកម្រៃពីទេសចរណ៍ដែលចង់មើល។ ខ្ញុំ ចង់បង្វែប្រជាពលរដ្ឋរបស់យើងចិញ្ចឹមសត្វ ដែលជិតផុតពូជទៅវិញ»។

លើសពីនេះ សម្ដេចនាយករដ្ឋមន្ដ្រី ក៏មិនបន្ទោសមន្ត្រីអនុវត្តន៍ច្បាប់ រឿងចាប់យកសត្វក្ងោកអ្នកភូមិចិញ្ចឹមឡើយ ប្រហែលជាមន្ត្រីអនុវត្តន៍ច្បាប់សំអាងលើហេតុផលដែលមាននៅក្នុងច្បាប់។ សម្តេច បញ្ជាក់ទៀតថា «បើមានមាត្រាណាមួយ និយាយអំពីការរឹតត្បឹតនេះ សូមធ្វើការកែប្រែ ឬវិសោធនកម្មច្បាប់ត្រង់មាត្រានោះតែម្តង»។

សម្ដេច ក៏បានណែនាំឲ្យពិនិត្យបន្ទាន់លើបញ្ហាច្បាប់ដែលពាក់ព័ន្ធសត្វព្រៃ ដើម្បីបង្កើតសត្វព្រៃឡើងវិញ។ សម្ដេចថា សត្វនេះអាចចិញ្ចឹម ហើយអាចយកទៅលែងនៅក្នុងព្រៃឡើងវិញ។ សត្វក្ងោក និងសត្វកម្រផ្សេងទៀត បើងាយចិញ្ចឹម ត្រូវបន្តចិញ្ចឹមហើយលែងទៅព្រៃ ខណៈសកម្មភាពនេះបង្ហាញពីស្ថានភាពល្អ នៃការអភិរក្សសត្វព្រៃនៅកម្ពុជាឡើងវិញ។

ជាងនេះទៅទៀត សម្ដេចលើកឡើងថា កន្លែងចិញ្ចឹមសត្វព្រៃនៅភ្នំតាម៉ៅ មិនប្រាកដថា «ចិញ្ចឹមរស់ឡើយ» ដូច្នេះការអនុវត្តច្បាប់ទាំងឡាយ គួរមានភាពវៃឆ្លាតបន្តិច៕
ដោយ៖ រិន ចំរើន