ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាល សម្ដេច ហ៊ុន សែន បានចេញអនុក្រឹត្យសម្រេចបញ្ចប់មុខតំណែង លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ពីប្រធាននាយកដ្ឋានវិទ្យុទាក់ទង ដោយឲ្យលោកឧត្តមសេនីយ៍ ផាន់ សុផល ឡើងជំនួសវិញ ។
ឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ត្រូវបានប្រមុខរាជរដ្ឋាភិបាលតែងតាំងជា ប្រធាននាយកដ្ឋានវិទ្យុទាក់ទង ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិកាលពីថ្ងៃទី២៧ កញ្ញា ឆ្នាំ ២០២១ ជំនួសឧត្តមសេនីយ៍ទោ សៅ ច័ន្ទកុសល្យដែលចេញពីប្រធាននាយកដ្ឋានវិទ្យុទាក់ទង ទៅជាអនុប្រធាននាយកដ្ឋានកណ្ដាល នគរបាលព្រំដែនវិញ។
ក្នុងអនុក្រឹត្យរបស់រាជរដ្ឋាភិបាលនោះដែរ ក៏បានសម្រេចឲ្យលោកឧត្តមសេនីយ៍ទោ ព្រុំ សន្ធរ ពីស្នងការដ្ឋានគរបាលខេត្តព្រៃវែង ទៅជាអគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិផងដែរ ។
សូមបញ្ជាក់ថា លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ជាកូនប្រុសលោក ផៃ ប៊ុនឈឿន អតីតអភិបាលខេត្តកណ្ដាល និងបច្ចុប្បន្នជារដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន ខណៈលោក ឈឿន សុខចិត្រ ជាបងប្រុស ជាស្នងការខេត្តកណ្តាល ៕ ដោយ៖ រិន ចំរើន