ប្រមុខដឹកនាំបក្សកាន់អំណាច សម្តេច ហ៊ុន សែន បានប្រកាសថា គ្មានពេលណាដែលគណបក្សប្រជាជនកម្ពុជា, ប្រជាជនកម្ពុជា ដែលបានរស់រានមានជីវិតដោយសារថ្ងៃ៧មករាហើយបំភ្លេចថ្ងៃ៧មករានោះទេ។ សម្តេច បានសង្កត់ធ្ងន់ថា ”ទោះ៧មករា ទោះបីវៀតណាមមកជួយ។ ប៉ុន្តែជាជីវិតរបស់ប្រជាជនកម្ពុជា”។
ការប្រកាសរបស់សម្តេចបែបនេះ បន្ទាប់ពីក្រុមអ្នកវិភាគមួយចំនួនជាពិសេសអ្នកវិភាគក្រៅប្រទេសចាត់ទុកការខកខានរៀបចំពិធីរម្លឹកខួបថ្ងៃ៧មករា របស់គណបក្សប្រជាជនកម្ពុជាកន្លងទៅនេះ គឺជាយុទ្ធសាស្ត្រនៃការដកថយពីឥទ្ធិពលរបស់វៀតណាមមកលើកម្ពុជា។
ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសផ្លូវជាតិលេខ៥ ក្បែរទីលានប្រជាធិបតេយ្យ ក្នុងរាជធានីភ្នំពេញ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រមុខបក្សកាន់អំណាច បានបញ្ជាក់ច្បាស់ៗថា ’៧មករា គឺជាក្បាលរបស់យើងទាំងអស់គ្នា ក្បាលរបស់មនុស្សខ្មែរទាំងអស់គ្នា ទោះបីអ្នកឯងមិនស្គាល់ក៏រឿងរបស់អ្នកឯង ក៏ប៉ុន្តែគ្មានពេលណា ដែលគណបក្សប្រជាជនបោះបង់ចោលថ្ងៃ៧មករានោះទេ”។
បន្ថែមពីនេះ សម្តេច ហ៊ុន សែន ក៏ពន្យល់ពីហេតុផលមួយចំនួន ដែលបក្សមិនរៀបចំពិធីរម្លឹកខួបថ្ងៃ៧មករា កាលពីពេលកន្លងទៅនេះ ក្រោមហេតុផលថា គឺជាការការពារសុខមាលភាពប្រជាពលរដ្ឋកម្ពុជា ខណៈដែលកម្ពុជាក៏ដូចជាពិភពលោកកំពុងប្រឈមនឹងជំងឺកូវីដ១៩។ សម្តេច ថា បើពិធីរៀបចំឡើងមានការចូលរួមដោយមនុស្សតិចពេកវាមិនជារឿងសមរម្យ ហើយបើចូលរួមច្រើនពេកក៏មិនកើត។
សម្តេច បានបន្ថែមថា គ្មានពេលណាមួយដែលគណបក្សប្រជាជនកម្ពុជា បោះបង់ចោលនូវអ្វីមួយដែលជាសមិទ្ធផលចម្បងរបស់ខ្លួននោះទេ។
សម្រាប់សម្តេច ការវិភាគរបស់អ្នកវិភាគស្ទើរភ្លើងបែបនេះគួរត្រូវបានសិក្សាឱ្យបានច្បាស់ថា។ សម្តេច ថា គណបក្សប្រជាជនកម្ពុជាប្រសិនបើបោះបង់ចោលថ្ងៃ៧មករា មានន័យថាគណបក្សប្រជាជនកម្ពុជាគ្មានបានធ្វើអ្វីទាំងអស់៕