សម្ដេច ស ខេង ស្តីបន្ទោសអភិបាលរាជធានី-ខេត្តមួយចំនួន ស្ងាត់ដូចចោរលួចសេះ មិនខ្ចីរាយការណ៍ ពាក់ព័ន្ធបណ្ដឹងពលរដ្ឋ

ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានធ្វើការស្ដីបន្ទោសចំៗដល់អភិបាលរាជធានី-ខេត្ត មួយចំនួនដែលមិនរាយការណ៍មកក្រសួងមហាផ្ទៃវិញ ពាក់ព័ន្ធទៅនឹងបណ្ដឹងរបស់ប្រជាពលរដ្ឋថា ស្ងាត់ដូចចោរលួចសេះ ។

រដ្ឋមន្រ្តីមហាផ្ទៃស្តីបន្ទោសនេះ ដោយសារក្រសួងមហាផ្ទៃ ទទួលបានពាក្យបណ្ដឹងពីប្រជាពលរដ្ឋរួចហើយក្រសួងក៏ធ្វើលិខិតទៅបណ្ដាខេត្តសាមី ដើម្បីដោះស្រាយឲ្យពលរដ្ឋ ប៉ុន្តែមិនឃើញពួកគាត់មួយចំនួនតបមកវិញទេ ដោយមិនដឹងថា មានមូលហេតុអ្វី ។ ប៉ុន្តែទោះបីជាយ៉ាងណាសម្តេចក៏មិនបណ្តោយឲ្យស្ងាត់រឿងបណ្តឹងរបស់ពលរដ្ឋដែរ ដោយសម្តេចបានឲ្យអភិបាលខេត្តមិនបានរាយការណ៍ ត្រូវតែធ្វើសកម្មភាព ដើម្បីផ្ញើមកសម្តេចវិញដោយមិនលើកលែង។

ក្នុងឱកាសអញ្ជើញបូកសរុបលទ្ធផលការងារឆ្នាំ២០២២ នាថ្ងៃ២៣ កុម្ភៈ សម្ដេច ស ខេង បានស្នើអភិបាលរាជធានី-ខេត្ត បន្ដយកចិត្តទុកដាក់ពាក្យបណ្ដឹង សំណើ សំណូមពរ និងការទាមទារនានារបស់ប្រជាពលរដ្ឋ។ ឆ្នាំ២០២២ ក្រសួងទទួលបានសំណើ សំណូមពរ សូមអន្ដរាគមន៍ នូវពាក្យបណ្ដឹងនានារបស់ប្រជាពលរដ្ឋពាក់ព័ន្ធទៅនឹងដីធ្លីមានរហូតដល់១៤៥ករណី ក្នុងរាជធានី-ខេត្ត។

សម្ដេច ស ខេង មានប្រសាសន៍ថា «ក្រសួងមហាផ្ទៃ បានធ្វើលិខិតបញ្ជូនទៅរាជធានី-ខេត្ត ប៉ុន្ដែមកដល់ពេលបានតែប្រាំរាជធានី-ខេត្ត ប៉ុណ្ណោះ ដែលបានឆ្លើយតបមកវិញ ឬក៏ផ្ដល់របាយការណ៍មាន៦ករណី គឺខេត្តមណ្ឌលគិរី មួយករណី, ខេត្តព្រះសីហនុ ពីរករណី, កោះកុង មួយករណី, សៀមរាប មួយករណី និងស្វាយវៀង មួយករណី។ ប៉ុន្ដែក្រៅពីហ្នឹងស្ងាត់ដូចចោលលួចសេះ មិនខ្ចីរាយការណ៍ មិនព្រមធ្វើ មិនព្រមរាយការណ៍ វាម៉េច? ឥឡូវសូមពិនិត្យឲ្យខ្ញុំ គ្រប់ខេត្ត ដែលមិនទាន់ដោះស្រាយ ម៉េចមិនបានយកចិត្តទុកដាក់ដោះស្រាយ?»។

លើសពីនេះ សម្ដេចឧបនាយករដ្ឋមន្ដ្រី ក៏បានយល់ថា បញ្ហាទាំងនេះ គឺមិនស្រួលឡើយ ប៉ុន្ដែលំបាកយ៉ាងណាក៏ដោយ គឺត្រូវបញ្ជូនរបាយការណ៍មកក្រសួងវិញ ហើយបញ្ជាក់មូលហេតុឲ្យបានត្រឹមត្រូវ។ សម្ដេច ថា តើមានឧបសគ្គរឿងអ្វី?។ សម្ដេច ក៏ណែនាំអភិបាលរាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់ ដោះស្រាយជូនប្រជាពលរដ្ឋ។

បើតាមសម្ដេច ស ខេង ក្នុងឆ្នាំ២០២២ គេហទំព័រហ្វេសប៊ុករបស់សម្ដេច បានទទួលមតិយោបល់ និងសំណូមពរនានាពាក់ព័ន្ធសមត្ថកិច្ចរបស់ក្រសួង និងរដ្ឋបាលថ្នាក់ក្រោមជាតិជាង១.៧០០ករណី ។ ក្នុងនោះ មានករណីដែលត្រូវដោះស្រាយចំនួនជាង១.៤០០ករណី បានដោះស្រាយឆ្លើយតបរួចចំនួនជាង៨០០ករណី និងមានករណីជាង៣០០ទៀត ជាអនុសាសន៍ និងព័ត៌មានល្អៗ សម្រាប់អនុវត្តការងារ៕ ដោយ៖ រិន ចំរើន