ភ្នំពេញ ៖ ខណៈមិនទាន់ឈានជើងចូលក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ លោក វ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ បានលើកពីផែនការទុកជាមុន ក្នុងការសន្សំចៃលើការចំណាយ ធ្វើយ៉ាងណាឲ្យទាបជាងប្រទេសគេដែលបានរៀបចំនាពេលកន្លងមក ខណៈកម្ពុជាគ្រោងចំណាយប្រមាណ១២៤លានដុល្លារ។
ក្នុងសន្និសីទសារព័ត៌មានស្ដីពី “វឌ្ឍនភាពនៃការរៀបចំធ្វើជាម្ចាស់ផ្ទះកីឡាអាស៊ានហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣” នៅព្រឹកថ្ងៃ២៣ កុម្ភៈ លោក វ៉ាត់ ចំរើនបានថ្លែងថា ការចំណាយថវិកាលើគម្រោងនៃប្រកួតជាលក្ខណៈអន្តរជាតិស៊ីហ្គេមថា គឺអាចខ្ទង់៥០៥ប៊ីលានរៀល អាចស្មើនឹង១២៤លានដុល្លារ ឬប្រហាក់ប្រហែលនេះ។
លោកថា “ជាគម្រោងរបស់យើង និងការសម្រេចរបស់សម្តេចនាយករដ្ឋមន្រ្តីកម្ពុជា គឺយើងសន្សំចៃលើគម្រោងចំណាយឲ្យទាបជាងការប្រកួតនៅប្រទេសគេ”។
លោកថា ពេលវៀតណាមធ្វើជាម្ចាស់នៃការប្រកួតនេះគឺចំណាយអស់១៤០លានដុល្លារ ខណៈឥណ្ឌូនេស៊ីប្រមាណ៣០០លានដុល្លារ។
លោកបន្តថា សម្រាប់ខ្ទង់ជាង១០០លានដុល្លារដែលកម្ពុជាគ្រោងចំណាយនេះ មិនមែនតែសម្រាប់កីឡាស៊ីហ្គេមមួយមុខនោះទេ គឺមានទាំងប៉ារ៉ាហ្គេមផងដែរ ក្នុងនោះចាយលើស៊ីហ្គេមប្រហែល១០០លានដុល្លារ និងប៉ារ៉ាហ្គេមអាចខ្ទង់ចន្លោះ២០លានដុល្លារ ហើយបើធៀបនឹងប្រទេសគេគឺកម្ពុជាក្រោមគេ ។
សូមបញ្ជាក់ថា នៅសល់តែ៧១ថ្ងៃទៀតប៉ុណ្ណោះ នឹងដល់ថ្ងៃការប្រកួតកីឡាស៊ីហ្គេមហើយ សម្រាប់ឆ្នាំនេះដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា កំណត់យកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ គឺជាថ្ងៃបើកព្រឹត្តិការណ៍ស៊ីហ្គេម ក្រោយកម្ពុជាបានចូលរួមប្រកួតកីឡាអាស៊ីអាគ្នេយ៍កាលពីឆ្នាំ២០១៣ ៕ ដោយ៖ រិន ចំរើន