គ.ជ.ប បើកកិច្ចប្រជុំដាក់ចេញវិធានការសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាក្រុង ស្រុកថ្មី

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បើកកិច្ចប្រជុំ ដើម្បីផ្សព្វផ្សាយអំពីវិធានការសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សម្រាប់ការបោះឆ្នោតលើកទី១ (ការបោះឆ្នោតឡើងវិញ) ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុង ស្រុក ដែលទើបបំបែក និងបង្កើតថ្មី នៅខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តក្រចេះ ។

កិច្ចប្រជុំខាងលើនេះ ធ្វើឡើងនៅទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្តីការគ.ជ.បក្រោមអធិបតីភាព lលោក ហង្ស ពុទ្ធា សមាជិក គ.ជ.ប ជាអ្នកនាំពាក្យ និងជាប្រធានដឹកនាំកិច្ចប្រជុំដោយមានសមាសភាពចូលរួមក្នុងកិច្ចប្រជុំនេះមកពីក្រុមប្រឹក្សាធម្មនុញ្ញ ព្រឹទ្ធសភា រដ្ឋសភា ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រសួងព័ត៌មាន អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រុមប្រឹក្សាសកម្មភាពជន-ពិការ តំណាងគណបក្សនយោបាយ តំណាងស្ថានទូតជប៉ុន តំណាងសមាគម អង្គការមិនមែនរដ្ឋា-ភិបាល ព្រមទាំងអ្នកសារព័ត៌មានផងដែរ ចំនួនប្រមាណជាង ៤០នាក់។

លោក ហង្ស ពុទ្ធា សមាជិក គ.ជ.ប ជាអ្នកនាំពាក្យ និងជាប្រធានដឹកនាំកិច្ចប្រជុំ បានលើកឡើងថា អ្វីដែល គ.ជ.ប រៀបចំកិច្ចប្រជុំផ្សព្វផ្សាយនាពេលនេះ គឺការបោះឆ្នោតលើកទី១ ដែលជាការបោះឆ្នោតឡើងវិញសម្រាប់ក្រុង ស្រុក ចំនួន ៥ ដែលមាន ក្រុងអរិយក្សត្រ ក្រុងសំពៅពូន ក្នុងខេត្តកណ្តាល ក្រុងឧដុង្គម៉ែជ័យ ស្រុកសាមគ្គីមុនីជ័យ ក្នុងខេត្តកំពង់ស្ពឺ និងស្រុកអូរគ្រៀងសែនជ័យ ក្នុងខេត្តក្រចេះ។

លោក បន្តថា នេះជាការបោះឆ្នោត អសកល និងជាការបោះឆ្នោតបង្គ្រប់អាណត្តិពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក និងក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩។

ទោះបីជាការបោះឆ្នោតអសកលក៏ដោយ លោក បញ្ជាក់ថា គ.ជ.ប ត្រូវរៀបចំចាត់ចែងឱ្យមាន ៤ ដំណាក់កាល ដូចការបោះឆ្នោតសកលដែរ គឺ ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ការចុះឈ្មោះបោះឆ្នោតគឺជាការស្រង់ឈ្មោះដោយបញ្ជាក់តាមឋានានុក្រម រួចបញ្ជូនឈ្មោះមក គ.ជ.ប ការឃោសនា បោះឆ្នោត និងការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលបោះឆ្នោត។ ទន្ទឹមនឹងនេះ គ.ជ.ប ក៏ត្រូវចាត់ចែងនូវវិធានការសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ វិធានការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ផងដែរ។

ពាក់ព័ន្ធនឹងបណ្តឹងលើបញ្ជីបោះឆ្នោតដំបូង លោក ហង្ស ពុទ្ធា ថា ជនណាក៏ដោយ ឬតំណាងមានសិទ្ធិប្តឹងតវ៉ា ឬ/និងប្តឹងជំទាស់ជាលាយលក្ខណ៍អក្សរតាមទម្រង់ពាក្យបណ្តឹង ១២០២។ រយៈពេលប្តឹង និងការដោះស្រាយពាក្យបណ្តឹងត្រូវអនុវត្តតាមនីតិវិធី ហើយសេចក្តីសម្រេចរបស់ គ.ជ.ប ជាសេចក្តីសម្រេចស្ថាពរបិទផ្លូវតវ៉ា។

អនុលោមតាមមាត្រា ៧៨ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ គ.ជ.ប ត្រូវរៀបចំការបោះឆ្នោតឡើងវិញ ដើម្បីជ្រើសរើសក្រុមប្រឹក្សាសម្រាប់ក្រុង ស្រុក ខណ្ឌ បង្កើតថ្មីក្នុងរយៈពេលយ៉ាងយូរ ២៤០ថ្ងៃ បន្ទាប់ពីការបង្កើត។ តាមរយៈសេចក្តីសម្រេចលេខ ០២ ស.ស.រ ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលបានកំណត់យកថ្ងៃអាទិត្យ ទី៩ ខែមេសា ឆ្នាំ២០២៣ ជាកាលបរិច្ឆេទនៃការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាទាំងនេះ៕
ដោយ៖ ពុទ្ធិពល