មន្ត្រីនៃគរបាលចរាចរណ៍ខេត្តតាកែវម្នាក់ ត្រូវបានចាប់ខ្លួន ពីបទរំលោភលើកុមារីអាយុ ១៣ឆ្នាំ

ខេត្តតាកែវ៖ សមត្ថកិច្ចនៃអធិការដ្ឋានស្រុកគីរីវង្សបានចាប់ខ្លួនមន្ត្រីប៉ូលិសចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តតាកែវម្នាក់ ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈលើកុមារីអាយុ ១៣ឆ្នាំ ក្រោយពីសាច់ញាតិនិងអាណាព្យាបាលកុមារីរងគ្រោះដាក់ពាក្យបណ្តឹងស្វែងរកការអន្តរាគមន៍។

តាមពាក្យបណ្តឹងដែលប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអង្គប្រាសាទកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣បានរៀបរាប់ថា ឈ្មោះ ណឹម មួង ភេទប្រុស អាយុ ៥៤ឆ្នាំបានប្តឹងឈ្មោះ ខាន់ ពុទ្ធី ភេទប្រុស អាយុ ២២ឆ្នាំ ជាមន្រ្តីនគរបាលការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងមានទីលំនៅបច្ចុប្បន្ន ភូមិត្រពាំងក្តុល ឃុំត្រពាំងសិលាខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។

ក្នុងពាក្យបណ្តឹងនោះ គឺប្តឹងចោទថាជនសង្ស័យខាងលើបានចាប់រំលោភសេពសន្ថវៈលើចៅស្រីឈ្មោះ ម.ន.ស អាយុ .១.៣.ឆ្នាំ (ស្នាក់នៅក្នុងបន្ទុកជាមួយជីតា) នៅចំណុចផ្ទះសំណាក់មួយ នៅតំបន់ទេសចរណ៍ជ្រោះផ្អោក ដែលប្រព្រឹត្តឡើងកាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ ហើយចៅស្រីទើបតែបានបង្ហើបប្រាប់ជីតា នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។ ក្រោយឮដំណឹងដែលចៅស្រីប្រាប់ ជីតាបានមកដាក់ពាក្យបណ្តឹងអោយសមត្ថកិច្ចជួយអន្តរាគមន៍តែម្តងទៅ។

បច្ចុប្បន្នជនសង្ស័យក្នុងករណីរំលោភសេពសន្ថវៈជាមួយអនីតិជនខាងលើនេះ ត្រូវបានមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលស្រុកគីរីវង់ធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕ ដោយ៖ ពុទ្ធិពល