លោកពេជ្រស្រស់៖ ទណ្ឌិត សម រង្ស៊ី បានវង្វេងលែងស្គាល់ នូវព្រះរាជសិទ្ធិរបស់អង្គព្រះមហាក្សត្រខ្មែរ

ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានចាត់ទុក ទណ្ឌិត សម រង្ស៊ី បានវង្វេងលែងស្គាល់ នូវព្រះរាជសិទ្ធិរបស់អង្គព្រះមហាក្សត្រខ្មែររហូតដល់ប្រមាថទ្រង់ ដែលធ្វើឱ្យលោកក្នុងនាមគណបក្សយុវជនកម្ពុជា ទ្រាំលែងបានក៏ចេញមុនថ្កោលទោសទណ្ឌិតរត់ចោលស្រុករូបនេះ។

លោក ពេជ្រ ស្រស់ បានសរសេរនៅលើទំព័រហ្វេសបុករបស់ខ្លួននៅថ្ងៃទី ២២ ខែកុម្ភៈថា «ត្បិតរូបខ្ញុំទើបចូលប្រឡូកនយោបាយក៏ពិតមែនក៏ប៉ុន្តែខ្ញុំមិនវង្វេងរហូតមិនស្គាល់នូវព្រះរាជសិទ្ធិរបស់អង្គព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាយើងនោះឡើយ» ។

លោកបន្តថា «ហើយរឿងមួយ ដែលគួរឱ្យសោកស្តាយបំផុតនោះ គឺមានអ្នកនយោបាយដ៏ ចាស់វស្សាម្នាក់ ( ទណ្ឌិត សម រង្ស៊ី ) បានវង្វេងលែងស្គាល់ នូវព្រះរាជសិទ្ធិរបស់អង្គព្រះមហាក្សត្រខ្មែររហូតប្រមាថទ្រង់ម្តងហើយម្តងទៀតដែលជាទង្វើគួរឱ្យស្អប់ខ្ពើម និងជាមេរោគដ៏អាក្រក់ងាយឆ្លងចូលកូនខ្មែរមួយចំនួនខ្វះការពិចារណាអាចមានការប្រមាថអង្គព្រះមហាក្សត្រតាមអ្នកនយោបាយដ៏ចាស់វស្សាម្នាក់នោះដែរ។

លោកបន្ថែមថា « ខ្ញុំគ្មានអ្វីក្រៅពីថ្កោលទោសអ្នកនយោបាយដ៏ចាស់វស្សាម្នាក់នោះ ( ទណ្ឌិត សម រង្ស៊ី ) យ៉ាងដាច់អហង្ការដើម្បីការពារនូវព្រះកិត្តិយសអង្គព្រះមហាក្សត្រ នៃខ្មែរយើង។ គណបក្សប្រជាជនកម្ពុជា គោរពព្រះមហាក្សត្រខ្មែរ គោរព រដ្ឋធម្មនុញ្ញ ប្រនិប័ត្តព្រះពុទ្ធសាសនា និងច្បាប់រដ្ឋនានា៕ ដោយ៖ ពុទ្ធិពល