គណបក្សប្រជាជន ឲ្យចាត់ការ សម រង្ស៊ី ដែលប្រមាថព្រះមហាក្សត្រម្តងទៀត

ភ្នំពេញ ៖ គណបក្សប្រជាជនកម្ពុជា អំពាវនាវឲ្យអាជ្ញាធរមានសមត្ថកិច្ចកម្ពុជា ចាត់វិធានការផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់ជាទីបំផុតដល់លោក សម រង្ស៊ី និងបក្ខពួកដែលតែងតែប្រមាថម្តងហើយម្តងទៀតដល់អង្គព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ។ ការប្រមាដល់អង្គមហាក្សត្រលើកនេះ មិនមែនជាលើកដំបូងនោះទេ ព្រោះជារឿយៗលោក សម រង្ស៊ីបានប្រមាថមកលើព្រះមហាក្សត្រជាហូរហែរ។

គណបក្សប្រជាជនកម្ពុជា នាថ្ងៃ២២ កុម្ភៈនេះ បានចេញញត្តិថ្កោលទោសផងដែរ ។ ដោយក្នុងញត្តិនោះបក្សកាន់អំណាចបានចាត់ទុកសាររបស់អតីតមេបក្សប្រឆាំងកំពុងនៅក្រៅប្រទេសរូបនេះថា ជាអំពើល្មើសច្បាប់ ដ៏ធ្ងន់ធ្ងរបំផុតមិនអាចលើកលែងឲ្យបានជាដាច់ខាត ដោយមាត្រា៧ នៃរដ្ឋធម្មនុញ្ញកម្ពុជា បានចែងថា ៖ “អង្គព្រះមហាក្សត្រមិនអាចនរណារំលោភបំពានបានឡើយ” និងបទល្មើស ព្រហ្មទណ្ឌ ដែលមានចែង និងផ្ដន្ទាទោសតាមបទបញ្ញត្តិនៃក្រមព្រហ្មទណ្ឌកម្ពុជា ។

តាមរយៈញត្តិថ្កោលទោសបន្តថា ការប្រមាថរបស់ទណ្ឌិតក្បត់ជាតិតពូជ ចំពោះអង្គព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលជារដ្ឋបុរសស្នេហាជាតិដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជាជាតិខ្មែរ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរបំផុតដល់រដ្ឋធម្មនុញ្ញកម្ពុជា ។

ក្នុងញត្តិថ្កោលទោសបញ្ជាក់ថា «គណបក្សប្រជាជនកម្ពុជា សូមអំពាវនាវ អាជ្ញាធរមានសមត្ថកិច្ច នៃព្រះរាជាណាចក្រកម្ពុជា ចាត់វិធានការផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់ជាទីបំផុតទៅលើទណ្ឌិតក្បត់ជាតិបីជំនាន់ សម រង្ស៊ី ព្រមទាំងបក្សពួកដែលហ៊ានប្រព្រឹត្តអំពើអសីលធម៌ និងបំពានច្បាប់ជាធរមាន ដែលមិនអាចអត់អោន ឱ្យបានជាដាច់ខាត» ។

គណបក្សប្រជាជនកម្ពុជា ក៏បានប្ដេជ្ញា និងប្រកាសជាឱឡារិកថា នឹងបន្តគោរពគាំទ្រ និងដង្ហែតាមអង្គព្រះមហាក្សត្រដែលជាឥស្សរជន និងជាវីរៈបុរស ស្នេហាជាតិដ៏កំពូល និងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជារាស្ត្រខ្មែរ ជារៀងរហូតតទៅ ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ លោក សម រង្ស៊ីដែលថ្នាក់ដឹកនាំកំពូលកម្ពុជាបានចាត់ទុកជាទណ្ឌិតឧទ្ទាមក្រៅច្បាប់ និងជាពូជក្បត់ជាតិ៣ជំនាន់នោះ បានចោទប្រកាន់យ៉ាងគឃ្លីនដល់ព្រះអង្គម្ចាស់ជីវិតតម្កល់លើត្បូង ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ កម្ពុជា ក្នុងគ្រាព្រះអង្គបានចេញព្រះរាជសារ អំពាវនាវឲ្យប្រជារាស្ត្រទៅបោះឆ្នោតថ្នាក់ជាតិនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ៕ ដោយ៖​ រិន ចំរើន