កម្ពុជា នឹងចុះត្រជាក់២-៣ អង្សាសេ ចាប់ពីថ្ងៃ២៦-២៧កុម្ភៈ

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា តំបន់មួយចំនួនរបស់កម្ពុជា នឹងចុះត្រជាក់នៅពេលយប់ និងព្រឹក ចាប់ពីថ្ងៃទី២២-២៨កុម្ភៈ ក្នុងនោះក៏មានសីតុណ្ហភាព២-៣ អង្សាសេផងដែរ ក្នុងចន្លោះថ្ងៃ២៦-២៧កុម្ភៈ ។

យោងតាមសេចក្តីជូនដំណឹង បានឲ្យដឹងថា កម្ពុជាទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់(ចិន)និងខ្យល់មូសុងឦសានក្នុងកម្រិតពីខ្សោយទៅមធ្យម ។ ស្ថានភាពបែបនេះ នឹងធ្វើឲ្យតំបន់ទំនាបកណ្តាលមានសីតុណ្ហភាពអប្បបរមាពី ២០-២២ អង្សាសេ និងសីតុណ្ហភាពអតិបរមាពី ៣២-៣៤អង្សាសេ អាចមានភ្លៀងធ្លាក់តិចតួច ។ នៅថ្ងៃទី២៦-២៧ ខែកុម្ភៈ សីតុណ្ហភាពអប្បបរមាអាចចុះត្រជាក់បន្ថែម ក្នុងចន្លោះពី២-៣ អង្សាសេ នៅវេលាព្រឹកនិងយប់ ។

ចំណែក តំបន់ខ្ពង់រាប មានសីតុណ្ហភាពអប្បបរមាពី១៩-២១អង្សាសេ និងសីតុណ្ហភាពអតិបរមាពី៣២-៣៤ អង្សាសេ។ នៅថ្ងៃទី២៦-២៧ ខែកុម្ភៈ សីតុណ្ហភាពអប្បបរមាអាចចុះត្រជាក់បន្ថែមក្នុងចន្លោះពី ៣-៤អង្សាសេនៅវេលាព្រឹកនិងយប់ លាយឡំដោយខ្យល់បក់ក្នុងកម្រិតមធ្យម។

ដោយឡែក នៅតំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមាពី២០-២២ អង្សាសេ និងសីតុណ្ហភាពអតិបរមាពី ៣០-៣២អង្សាសេ អាចមានភ្លៀងធ្លាក់តិចតួច ៕ ដោយ៖ រិន ចំរើន