សម្ដេច ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើក្នុងឱកាសទិវាជាតិសុខភាពមាតា ទារក និងកុមារ ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២៣

ភ្នំពេញ៖ សម្ដេច ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារបានផ្ញើសារក្នុងឱកាសទិវាជាតិសុខភាពមាតា ទារក និងកុមារ ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមប្រធានបទ “រួមគ្នាពង្រឹងសេវាសុខភាពបន្តពូជ សុខភាពមាតា ទារក កុមារ យុវវ័យ និង អាហារូបត្ថម្ភ ដើម្បីឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅឆ្នាំ២០៣០”

ក្នងសាររបស់សម្តេច ប៊ុន រ៉ានី ហ៊ុន សែន បានសរសេរថា «ក្នុងឱកាសដ៏ប្រសើរថ្លៃថ្លា នៃទិវាជាតិសុខភាពមាតា ទារក និងកុមារ ក្នុងនាមកាកបាទក្រហមកម្ពុជា និងជា ឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីសុខភាពស្ត្រី និងកុមារ ខ្ញុំមានក្តីសោមនស្សរីករាយចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា និងបង-ប្អូនជនរួមជាតិទាំងអស់ អបអរសាទរ ទិវាជាតិសុខភាពមាតា ទារក និងកុមារដែលប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមប្រធានបទ “រួមគ្នាពង្រឹងសេវាសុខភាពបន្តពូជ សុខភាពមាតា ទារក កុមារ យុវវ័យ និងអាហារូបត្ថម្ភ ដើម្បីឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព នៅឆ្នាំ២០៣០»។

សម្តេច ប៊ុន រ៉ានីសរសេរបន្តថា «ជាមួយនឹងការដាក់ចេញប្រធានបទខាងលើនេះ ខ្ញុំសូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ រួមជាមួយ ការកោតសរសើរចំពោះ រដ្ឋមន្ត្រី ថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួងសុខាភិបាលទាំងនៅថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ ដែលបានយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ជម្នះគ្រប់ ការលំបាកក្នុងការបន្តប្រយុទ្ធទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងក្នុងការលើកកម្ពស់គុណភាពសុខាភិបាល គ្រប់ផ្នែកទាំងអស់ ជាពិសេសក្នុងការពង្រឹងការផ្តល់សេវាសុខភាពបន្តពូជ សុខភាពមាតា ទារក និងកុមារ និង សេវាជាសារវន្តផ្សេងៗទៀត ដើម្បីផ្ដល់ការគាំពារ ការថែទាំសុខភាព ការព្យាបាល និងជួយសង្គ្រោះអាយុជីវិត ប្រជាពលរដ្ឋ រហូតបានសម្រេចនូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ពោលគឺ អត្រានៃស្ត្រីដែលបានទទួលការថែទាំ ផ្ទៃពោះពីគ្រូពេទ្យជំនាញមុនពេលសម្រាលបានកើនពី៩៥ ដល់៩៩% អត្រាមរណភាពមាតាបានថយចុះពី ១៧៤ មកនៅ១៥៤ ក្នុងចំណោម ១សែនកំណើតរស់ អត្រាមរណភាពទារកទើបកើតបានថយចុះពី១៨ មកនៅ៨ ក្នុងចំណោម ១ពាន់កំណើតរស់ជាដើម។

សម្តេចបន្ថែមថា ទន្ទឹមនឹងវឌ្ឍនភាពនេះ ក៏នៅមានក្តីកង្វល់មួយចំនួនទៀតដែលទាមទារ ឱ្យក្រសួងសុខាភិបាល រួមជាមួយដៃគូសហការដទៃទៀតទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ រួមកម្លាំងគ្នានិងផ្ដោតការយកចិត្តទុកដាក់ឱ្យកាន់តែខ្លាំងជាងមុន ក្នុងការលើកកម្ពស់គុណភាពឱ្យបានកាន់តែល្អប្រសើរឡើង ថែមទៀត មានដូចជា សេវា/មធ្យោបាយពន្យារកំណើតសម្រាប់ស្ត្រីក្នុងវ័យបន្តពូជ សេវាផ្តល់ការថែទាំដល់ស្ត្រី ជាមាតាក្រោយសម្រាល រួមជាមួយសេវាគាំពារ ថែទាំទារក/កុមារ និងការផ្ដល់អាហារូបត្ថម្ភឱ្យបានគ្រប់គ្រាន់ ដល់ទារក/កុមារ ការលើកកម្ពស់សេវាទប់ស្កាត់ការចម្លងមេរោគអេដស៍ពីម្ដាយមកកូនជាដើម។

បើតាមសម្តេច ប៊ុន រ៉ានី ហ៊ុន សែន ទន្ទឹមនឹងការអនុវត្តគោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាល រួមជាមួយការប្ដេជ្ញាចិត្តដ៏មោះមុត របស់ក្រសួងសុខាភិបាល ក្នុងការពង្រឹងសេវាសុខភាពបន្តពូជ សុខភាពមាតា ទារក កុមារ យុវវ័យ និងអាហារូបត្ថម្ភ កាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិដែលមានបណ្តាញគ្របដណ្តប់ទូទាំងប្រទេស នឹងបន្ត ព្រមទាំងពង្រីកការអប់រំផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងជូនស្តី យុវវ័យ នៅតាមសហគមន៍ ជនបទ ឱ្យបានកាន់តែទូលលំទូលាយថែមទៀត ស្ដីពីសុខភាពបន្តពូជ សុខភាពមាតា ទារក និងកុមារ អាហារូបត្ថម្ភ រួមទាំងសុខភាពសាធារណៈរបស់មនុស្សគ្រប់រូប៕ ដោយ៖ ពុទ្ធិពល