សម្តេច ហ៊ុន សែន៖ ការបាញ់មីស៊ីលរបស់កូរ៉េខាងជើង គឺជារំលោភសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ

ភ្នំពេញ៖ សម្តេច ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បាន អះអាងថា ការបាញ់មីស៊ីលរបសកូរ៉េខាងជើង គឺជារំលោភសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងបង្កើនភាពតានតឹង ព្រមទាំងបានគំរាមកំហែងសន្តិសុខ សន្តិភាពទាំងនៅឧបទ្វីបកូរ៉េ និងនៅលើពិភពលោកទាំងមូលផងដែរ។

ការអះអាងរបស់សម្តេច ហ៊ុន សែន ខាងលើនេះ បាន ធ្វើឡើងកាលពីថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៣ ក្នុងពេលទទួលជួបពិភាក្សាការងារ ជាមួយលោក Park Jung Wook ឯកអគ្គរដ្ឋទូសាធារណៈកូរ៉េខាងត្បូងថ្មីប្រចាំនៅកម្ពុជា ។

សម្តេចបន្តថា ចំពោះបញ្ហាបាញ់កាំជ្រួចរបស់កូរ៉េខាងជើងនេះ កម្ពុជាបានថ្កោលទោសចំពោះកូរ៉េខាងជើង ដែលបានបាញ់មីស៊ីលម្តងហើយម្តងទៀត រួមទាំងការបាញ់មីស៊ីលព្រឹកមិញផងដែរ។

ក្នុងជំនួបពិភាក្សានេះ លោក Park Jung Wook ឯកអគ្គរដ្ឋទូសាធារណៈកូរ៉េខាងត្បូងថ្មីប្រចាំនៅកម្ពុជាបានលើកឡើងបង្ហាញក្តីបារម្ភជុំវិញការបាញ់កាំជ្រួចរបស់កូរ៉េខាងជើង ដែលជាការគំរាមកំហែងដល់សន្តិភាពនៅឧបទ្វីបកូរ៉េផង និងពិភពលោកផង។

សូមបញ្ជាក់ថា ភាពតានតឹងក្នុងតំបន់ ឧបទ្វីបកូរ៉េបានកើតមានឡើង បន្ទាប់ពីកូរ៉េខាជើងបានបាញ់មីស៊ីលដ៏សន្ធឹកសន្ធាប់កាលពី ទី ៣វិច្ឆិកា ឆ្នាំ ២០២២ ចំនួន បីគ្រាប់បន្ថែមទៀត ក្នុងនោះមួយគ្រាប់ទំនងជាមីស៊ីលអន្តរទ្វីបផង ធ្វើឱ្យបណ្តាប្រទេសនៅលើពិភបលោកបង្ហាញក្តីបារម្ភជាខ្លាំង។ ប្រឈមនឹងការផ្គើនមីស៊ីលអត់ឈប់របស់កូរ៉េខាងជើង សម្ព័ន្ធមិត្តអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង បានប្រកាសបន្តសមយុទ្ធរបស់ខ្លួនជាបន្តបន្ទាប់ ៕ ដោយ៖ ពុទ្ធិពល