ភាពត្រឹមត្រូវ និងប្រសិទ្ធភាពនៃគោលនយោបាយដាក់ចុះដោយសម្តេច ហ៊ុន សែនធ្វើឱ្យកម្ពុជាថែរក្សាបាននូវសុខសន្តិភាព

កំពត៖ លោក នេត្រ ភក្ត្រា សមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពតនិងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានក្រុងបូកគោបានលើកឡើងថា ភាពត្រឹមត្រូវនិងប្រសិទ្ធភាពនៃគោលនយោបាយដាក់ចុះដោយគណបក្សប្រជាជនកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតពោរពេញដោយបញ្ញាញាណឈ្លាសវៃរបស់សម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានិងជានាយករដ្ឋមន្ត្រីបានធ្វើឱ្យកម្ពុជាថែរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ មានការអភិវឌ្ឍលើគ្រប់វិស័យ។

ការលើកឡើងរបស់ លោក នេត្រ ភក្ត្រា ធ្វើឡើងនៅក្នុងកិច្ចប្រជុំដើម្បីផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ ២០២៣ កាលពីថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២៣ ។

លោកបន្តថា ការអនុវត្តដោយជោគជ័យនូវនយោបាយវ៉ាក់សាំងបានកសាងខឿនសុខុមាលភាពយ៉ាងរឹងមាំសម្រាប់ប្រជាពលរដ្ឋប្រឆាំងនឹងជំងឺឆ្លងកូវីដ១៩ និងការបើកដំណើរការប្រទេសឡើងវិញបានធ្វើឱ្យកម្ពុជាមានកំណើនសេដ្ឋកិច្ចជាតិឡើងវិញក្រោយវិបត្តិកូវីដ ១៩។

លោកបន្ថែមថា សមិទ្ធផលដែល សម្រេចបានដោយរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាមានជាច្រើនដែលជាការឆ្លើយតបនឹងការផ្តល់សេចក្តីទុកចិត្តរបស់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោតដែលបានបោះ ឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាគ្រប់ពេលបោះឆ្នោតឱ្យដឹកនាំប្រទេស។ គណបក្សប្រជាជនដែលបង្កើតឡើងដោយប្រជាជន ដើម្បីប្រជាជននិងសម្រាប់ប្រជាជន។

លោកបានលើកទឹកចិត្តមន្ត្រី គណបក្សនិងប្រជាពលរដ្ឋចូលរួមបន្តការពារសមិទ្ធផលដ៏ថ្លៃថ្លៃដែលជាផ្លែផ្លានៃសុខសន្តិភាព។ លោកថ្លែងថា៖ «គណបក្សប្រជាជនកម្ពុជាបានកំណត់ការងារជាយុទ្ធសាស្ត្រការពារដាច់ខាតសន្តិភាពនិងស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គម ទប់ស្កាត់រាល់ការប៉ុនប៉ងបង្កចលាចលរបស់ក្រុមប្រឆាំង និងមជ្ឈដ្ឋានអគតិដើម្បីធនាការការរស់នៅសុខសាន្តរបស់ប្រជាពលរដ្ឋ និងបរិយាកាសល្អសម្រាប់ការបោះឆ្នោត»។

លោកបញ្ជាក់ទៀតថា៖ «ប្រសិនបើគ្មានសុខសន្តិភាពទេ យើងមិនអាចអភិវឌ្ឍជាតិបានឡើយ គ្មានការវិនិយោគ និងគ្មានការរីកចម្រើន។ យើងទាំងអស់គ្នាជាពលរដ្ឋខ្មែរចាំបាច់ត្រូវចូលរួមការពារនិងថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយនេះជាមួយថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាដែលបានយកជីវិតធ្វើជាដើមទុនក្នុងការរំដោះជាតិ និងប្រជាជនចេញពីមហាវិនាសកម្មសង្គ្រាម នាំយកនូវសន្តិភាពពេញលេញ និងការអភិវឌ្ឍជូនជាតិមាតុភូមិ»។

ជាមួយគ្នានេះដែរ លោក នេត្រ ភក្ត្រា បានសម្តែងនូវការកោតសរសើរនិងថ្លែងអំណរគុណដល់សមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបូកគោទាំងអស់ដែលបានបំពេញការងារប្រកបដោយការទទួលខុសត្រូវ និងលះបង់ខ្ពស់ទាំងកម្លាំងកាយចិត្តបញ្ហា និងធនធានក្នុងការបម្រើប្រជាពលរដ្ឋ ព្រមទាំងបានអនុវត្តតាមសេចក្តីសម្រេចនានារបស់គណបក្សរហូតបានសម្រេច ជោគជ័យលើការបោះឆ្នោតដោយទទួលបានលទ្ធផលដ៏ត្រចះត្រចង់នាពេលកន្លងទៅ និងនៅក្នុងការបោះឆ្នោតនាពេលខាងមុខ។

ចូលរួមក្នុងកិច្ចប្រជុំនេះដែរ លោកលោក មាស ធំ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបូកគោ បានថ្លែងអំណរគុណបងប្អូនប្រជាពលរដ្ឋក្នុងសង្កាត់ព្រែកត្នោត ដែលបានផ្តល់ជំនឿទុក ជឿជាក់ គាំទ្រនិងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា៕ ដោយ៖ ពុទ្ធិពល