គម្រោងធំៗជាច្រើននឹងកើតមានឡើងក្នុងគម្រោងភូមិខ្ញុំ នៅក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន២០២៣

សៀមរាប៖ គម្រោងធំៗជាច្រើននឹងកើតមានឡើងសម្រាប់គម្រោងភូមិខ្ញុំ នៅក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន ខួបទី១០ឆ្នាំ នៅក្នុងឆ្នាំ២០២៣នេះ ។ នេះ បើតាម លោក សុខ សង្វារ សមាជិកគណៈកម្មការកណ្តាល ស.ស.យ.ក និងជាប្រធានក្រុមការងារគម្រោងភូមិខ្ញុំ ។

លោក សុខ សង្វារ ថ្លែងក្នុងចំពិធីក្រុងពាលីបើកកាដ្ឋានសាងសង់ជាផ្លូវការសម្រាប់គម្រោង(ភូមិខ្ញុំ)កាលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីលានមុខប្រាសាទបាពូនឱ្យដឹងថា គម្រោងភូមិខ្ញុំ នឹងត្រូវបើកបង្ហាញខ្លួនទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិអោយចូលទស្សនានៅថ្ងៃចូលឆ្នាំថ្មី ទី១៤-១៥-១៦ ខែមេសា នាពេលខាងមុខនេះ ហើយឆ្នាំនេះក៏ជាខួបទី១០ឆ្នាំ នៃការរៀបចំព្រឹត្តិការណ៍អង្គរសង្គ្រាន្តផងដែរ។

លោកបន្តថា ឆ្នាំនេះភូមិខ្ញុំគ្រោងរៀបចំអោយមាន៨ទស្សនីយភាពធំៗដូចជា៖ ១- ផ្ទះមរតកដូនតា ២- ផ្ទះនំខ្មែរ ៣- សាលាឆទាន ៤- ផ្សារខ្មែរ ៥- ឆាកធំ ៦- រោង DJ ៧- វត្ថុយក្ស និង ៨- រោងសិប្បកម្មជាដើម ។

បើតាម លោក សុខ សង្វារ ឆ្លងតាមរយៈការដាក់បង្ហាញនូវគម្រោងធំៗខាងលើនេះត្រូវបានជួយលើកតម្កើនដល់វប្បធម៌ខ្មែរ ជាពិសេសជួយដល់សេដ្ឋកិច្ចបងប្អូនដែលរស់នៅខេត្តសៀមរាបផងដែរ មិនត្រឹមតែប៉ុណ្ណោះជួយថែរក្សាទំនៀមទម្លាប់ខ្មែរយើង និងផ្តល់អោយមហាគ្រួសារខ្មែរទាំងមូលក្នុងឱកាសចូលឆ្នាំបានជួបជុំគ្នា សប្បាយជាមួយភ្ញៀវទេសចរជាតិ និងអន្តរជាតិ៕ ដោយ៖ ពុទ្ធិពល