មន្រ្តីជាន់ខ្ពស់កម្ពុជា ស្នើភាគីថៃ យកចិត្តទុកដាក់ពលករខ្មែរ

ភ្នំពេញ ៖ លោក ប្រាក់ សុខុន ឧបនាយកដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា តាមរយៈលោក ឆឺតកៀត អាត់ថាកន (Cherdkiat Atthakor) ឯកអគ្គរាជទូតថ្មីថៃប្រចាំកម្ពុជា បានស្នើឲ្យរដ្ឋាភិបាលថៃ បន្តផ្តល់ការយកចិត្តទុកដាក់ចំពោះពលករខ្មែរ និងបន្តផ្ដល់អាហារូបករណ៍ ជូនដល់និស្សិតកម្ពុជា ផងដែរ។

ការស្នើរបស់លោក ប្រាក់ សុខុន បែបនេះធ្វើឡើងក្នុងឱកាសអនុញ្ញាតឲ្យលោក ឆឺតកៀត អាត់ថាកន (Cherdkiat Atthakor) ឯកអគ្គរាជទូតថ្មីថៃ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម នៅថ្ងៃ១៦ កុម្ភៈ ។

ការស្នើរបស់មន្រ្តីជាន់ខ្ពស់កម្ពុជានេះ ស្របពេលកាលពីចុងឆ្នាំ២០២២ មានពលករខ្មែរមួយចំនួនកំពុងធ្វើការនៅថៃ ព្រួយបារម្ភ ក្រោយអាជ្ញាធរថៃ បានរឹតបន្តឹងច្បាប់ការងារ ដោយសារក្រុមហ៊ុនខ្លះ បានបញ្ជូនពលករទៅធ្វើការនៅថៃ មិនមានឯកសារត្រឹមត្រូវ។

បើ់តាមមន្រ្តីម្នាក់ផ្នែកអន្តោប្រវេសន៍ប្រចាំប្រទេសថៃ នៃអង្គការសង់ត្រាល់គឺថាច្បាប់ការងារនៅថៃ ប្រសិនបើពលករខ្មែរ ចូលមកធ្វើការនៅប្រទេសនេះ តាមរយៈប្រព័ន្ធ MoU និងប្រព័ន្ធច្បាប់ការងារត្រឹមត្រូវ គឺពលករទាំងនោះមិនមានការព្រួយបារម្ភឡើយ ប៉ុន្តែពលករខ្មែរមួយចំនួនមកប្រទេសថៃដោយមិនមានឯកសារគ្រប់គ្រាន់ ដោយសារចំណាយលើការធ្វើឯកសារវាមានតម្លៃថ្លៃនោះគឺមានការបារម្ភហើយ ។

សូមបញ្ជាក់ថា យោងតាមរបាយការណ៍របស់ក្រសួងការងារ គឺមានពលករកម្ពុជាកំពុងធ្វើការនៅបរទេសជាង១លាន៣សែននាក់។ ក្នុងនោះជាង១លាន២សែននាក់ ធ្វើការនៅថៃ , ជាង៤ម៉ឺន៥ពាន់នាក់ នៅកូរ៉េខាងត្បូង , ២ម៉ឺន៣ពាន់នាក់នៅម៉ាឡេស៊ី , ១ម៉ឺន១ពាន់នាក់នៅជប៉ុន , ជាង៨០០នាក់នៅសិង្ហបុរី , ២០០នាក់នៅហុងកុង និង៤៣នាក់ នៅអារ៉ាប៊ីសាអ៊ូឌីត៕ ដោយ៖ រិន ចំរើន