ទស្សនកិច្ចមេទ័ពជប៉ុនមកកម្ពុជានឹងរួមចំណែកដល់ការពង្រឹងពង្រីកទំនាក់ទំនងរវាងកងទ័ពនៃប្រទេសទាំងពីរ

ភ្នំពេញ៖ លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ បានចាត់ទុកដំណើរទស្សនកិច្ចជាផ្លូវការ និងមិត្តភាព របស់លោក Yoshida Yoshihide មេបញ្ជាការកងកម្លាំងស្វ័យការពារជើងគោកជប៉ុនមកកាន់កម្ពុជានៅពេលនេះ នឹងរួមចំណែកដល់ការពង្រឹងពង្រីកទំនាក់ទំនងរវាងកងទ័ពនៃប្រទេសទាំងពីរកាន់តែល្អប្រសើរថែមទៀត​។

លោក ទៀ បាញ់ បានចាត់ទុកបែបនេះ ក្នុងពេល ទទួលជួបសវនាការជាមួយ លោក Yoshida Yoshihide មេបញ្ជាការកងកម្លាំងស្វ័យការពារជើងគោកជប៉ុនកាលពីថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២៣ នៅទីស្ដីការក្រសួងការពារជាតិ។

លោកទៀ បាញ់ថ្លែងថា លោក សង្ឃឹមថា តាមរយៈនៃដំណើរទស្សនកិច្ចនេះ ពិតជាទទួលបានលទ្ធផលល្អ ដើម្បីរួមចំណែកដល់ការពង្រឹងពង្រីកទំនាក់ទំនងមិត្តភាពកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ កាន់តែល្អប្រសើរ ។
ជាងនេះទៀតលោក ក៏បានសម្ដែងនូវការអរគុណចំពោះរាជរដ្ឋាភិបាល និងកងស្វ័យការពារជប៉ុន ដែលបានបញ្ជូនក្រុមអ្នកជំនាញដោះមីន មកកាន់កម្ពុជាដើម្បីជួយបង្វឹកដល់អ្នកជំនាញដោះមីនកម្ពុជា មានលទ្ធភាពទៅជួយបណ្ដុះបណ្ដាលជំនាញដោះមីន ដល់កងទ័ពរបស់ប្រទេសអ៊ុយក្រែន ដែលកំពុងមានវិបត្តិនៃសង្គ្រាម ។

ពាក់ព័ន្ធកិច្ចសហប្រតិបត្តិការកងទ័ពប្រទេសទាំងពីរ លោក ទៀ បាញ់ បានបញ្ជាក់ថា កងយោធពលខេមរភូមិន្ទ នឹងបន្តអនុវត្តឲ្យបានម៉ឺងម៉ាត់នូវអនុស្សរណៈយោគយល់គ្នា(MOU)ស្តីពីកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរយោធា រវាងក្រសួងការពារជាតិកម្ពុជា និងក្រសួងការពារជាតិជប៉ុន ដែលបានចុះហត្ថលេខារួមគ្នាកាលពីខែធ្នូ ឆ្នាំ ២០១៣ កន្លងទៅ នៅទីក្រុងតូក្យូ ។

លោក ក៏បានអរគុណដល់កងស្វ័យការពារជប៉ុន ពិសេសកងស្វ័យការពារជើងគោកជប៉ុន ដែលកន្លងមកបានជួយឧបត្ថម្ភទាំងផ្នែកស្មារតី សម្ភារៈ ដល់កងយោធពលខេមរភូមិន្ទ ក្នុងនោះ រួមមានទាំងការជួយបណ្តុះបណ្តាលធនធានមនុស្ស តាមរយៈការផ្តល់អាហារូបករណ៍រយៈពេលវែង សម្រាប់វគ្គនាយទាហានសកម្ម និងវគ្គបញ្ជាការសេនាធិការជាដើម ។

ជាកិច្ចឆ្លើយតប លោក Yoshida Yoshihide មេបញ្ជាការកងកម្លាំងស្វ័យការពារជើងគោកជប៉ុន បានធ្វើការកត់សម្គាល់លើកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-ជប៉ុន ដែលពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែមានការវិវត្តឥតឈប់ឈរ ក្នុងនោះវិស័យការពារជាតិ ក៏កំពុងត្រូវបានពង្រឹងពង្រីកជាបន្តបន្ទាប់ តាមរយៈការផ្លាស់ប្ដូរទស្សនកិច្ច និងការជួយបណ្ដុះបណ្ដាលធនធានមនុស្សលើគ្រប់ជំនាញ ។

លោកបានសម្ដែងក្តីរីករាយ និងអំណរសាទរចំពោះខួបលើកទី៧០ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន ដែលបានឈានដល់កម្រិតជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ហើយតាមរយៈជោគជ័យនេះ ជប៉ុននឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែខ្លាំងក្លាថែមទៀត ជាមួយសមភាគីកម្ពុជា ។

លោកថ្លែងថា៖ «លទ្ធផលនៃកិច្ចពិភាក្សាជាមួយ មេបញ្ជាការកងទ័ពជើងគោកម្ពុជា ធ្វើឱ្យកងទ័ពប្រទេសទាំងពីរ បង្កើនបាននូវកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ ពិសេសការពង្រីកជំនួយកិច្ចការមនុស្សធម៌ និងការងារសង្គ្រោះគ្រោះហន្តរាយសម្រាប់កម្ពុជា ក្នុងតំបន់ និងពិភពលោកទាំងមូលផងដែរ៕ ដោយ៖ ពុទ្ធិពល