ទូតកូរ៉េថ្មីអះអាងថា នឹងបន្តផ្តល់ការគាំទ្រ និងសហប្រតិបត្តិការជាមួយខ្មែរ

ភ្នំពេញ៖ លោក Park Jung-Wook ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា បានអះអាងថា រដ្ឋាភិបាលកូរ៉េ នឹងបន្តផ្តល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត ។

ក្នុងឱកាសចូលជួបសម្តែងការគួរសមជាមួយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសខ្មែរនាថ្ងៃ១៦ កុម្ភៈ លោកឯកអគ្គរដ្ឋទូត បានបង្ហាញការរីករាយ ចំពោះតួនាទីរបស់លោកនៅកម្ពុជាដែលជាប្រទេសមានប្រវត្តិសាស្រ្ត និងកេរ្តិ៍មរតកវប្បធម៌ដ៏អស្ចារ្យ ព្រមទាំងបានអះអាងអំពីការ ប្តេជ្ញាយ៉ាងម៉ឺងម៉ាត់របស់ខ្លួនដើម្បីលើកកម្ពស់ និងពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ កំពុងរីកចម្រើនគ្រប់វិស័យ រវាងប្រទេសទាំងពីរ។

ជាមួយគ្នានោះលោកឧបនាយករដ្ឋមន្ត្រី បានរំលឹកឡើងវិញដោយការពេញចិត្តថា ឆ្នាំ២០២២ គឺជាឆ្នាំប្រសើរបំផុតនិងប្រកបដោយអត្ថន័យ នៅក្នុងទំនាក់ទំនងទ្វេភាគីនៃប្រទេសទាំងពីរ ដោយសារមានការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់យ៉ាងច្រើន។ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានកត់សម្គាល់ដោយការពេញចិត្តចំពោះជំនាញ និងបទពិសោធន៍របស់ឯកអគ្គរដ្ឋទូតថ្មី ក្នុងផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ដែលនឹងត្រួសត្រាយផ្លូវបន្ថែមទៀត សម្រាប់កិច្ចសហការដ៏រឹងមាំរវាងប្រទេសទាំងពីរ ជាពិសេសក្នុងបរិបទនៃការចូលជាធរមាននៃ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងកម្ពុជា-ដ្ឋកូរ៉េ ក៏ដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីស្តីពី ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)។

ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈលើមធ្យោបាយ និងវិធីសាស្រ្តនានា ដើម្បីលើកកម្ពស់បន្ថែមទៀតនូវភាពជាដៃគូទ្វេភាគី ក្នុងវិស័យជាច្រើន ដូចជា ពាណិជ្ជកម្មនិងសេដ្ឋកិច្ច សុខាភិបាល ការផ្គត់ផ្គង់កម្លាំងពលកម្ម កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ យោធា ការអភិវឌ្ឍធនធានមនុស្ស យុត្តិធម៌ និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន៕
ដោយ៖ រិន ចំរើន