អាចារ្យជើងចាស់ម្នាក់ស្លាប់មួយរំពេចដោយសារក្បាលមេក្រូ នៅស្រុកសំឡូត

បាត់ដំបង៖ អាចារ្យជើងចាស់ម្នាក់ បានស្លាប់ភ្លាមៗ កាលពីថ្ងៃទី ១៦ ខែកុម្ភ: ឆ្នាំ ២០២៣ដោយសារក្បាលមេក្រូដែលគាត់កំពុងនិយាយនោះឆ្លងចរន្តអគ្គិសនី នៅក្នុងកម្មវិធីបុណ្យឆ្លងចេតិយរបស់អ្នកភូមិមួយកន្លែងស្ថិនៅក្នុងភូមិស្វាយជ្រុំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង។

បើតាមរបាយការណ៍របស់សមត្ថកិច្ចឱ្យដឹងថា មុនពេលកើតហេតុម្ចាស់មេក្រូឈ្នួលបានចងមេក្រូភ្ជាប់ជាមួយនឹងចុងឬស្សីរួចបញ្ឍរឡើងលើជិតខ្សែភ្លើងមេ របស់រដ្ឋ ( ខ្សែស្រាត ) លុះដល់មានខ្យល់បក់ដើមឬស្សីយោកចុះឡើងៗស្រាប់តែឆ្លងចរន្តតាមខ្សែមេក្រូបណ្តាលឱ្យឆក់ស្លាប់លោកអាចារ្យដែលកំពុងនិយាយរៀបរាប់កម្មវិធី ។ ក្នុងឧបទ្ទវហេតុនេះក៏មានប្រជាពលរដ្ឋអ្នកចូលរួមម្នាក់ទៀតរបួសស្រាលដែរ។

របាយការណ៍ដដែលបន្តថា ជនរងគ្រោះឈ្មោះ វង្ស ចាប អាយុ ៦៨ឆ្នាំនិងមានមុខរបរអាចារ្យវត្ត រស់នៅក្នុងភូមិ-ឃុំកន្លែងកើតហេតុខាងលើ ។ចំណែកឯជនរងគ្រោះម្នាក់ទៀតរបួសស្រាលឈ្មោះ ឡេង ឈន ភេទប្រុស អាយុ ៣៧ឆ្នាំរស់នៅភូមិជាមួយគ្នា។

បច្ចុប្បន្នសាកសពជនរងគ្រោះ សមត្ថកិច្ចបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណី ។ ចំណែកជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅសង្គ្រោះព្យាបាលនៅ មន្ទីរពេទ្យ ៕ ដោយ៖ ពុទ្ធិពល