លោក គួច ចំរើនបង្ហាញពីសក្តានុពលខេត្តព្រះសីហនុ

ព្រះសីហនុ៖ ខេត្តព្រះសីហនុ ជាខេត្តតំបន់ឆ្នេរ មានធនធានធម្មជាតិដ៏សម្បូរបែបចែកចេញជា ២ក្រុង ៣ស្រុកមាន ២៣ឃុំ-៦សង្កាត់ និង ១១១ភូមិ ។ នេះបើតាម លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ថ្លែងក្នុងពេលដឹកនាំកិច្ចប្រជុំបិទការងារសវនកម្មផ្ទៃក្នុងនៅរដ្ឋបាលខេត្តព្រះសីហនុ សម្រាប់កាលបរិច្ឆេទ២០២១ និងបណ្តាឆ្នាំពាក់ព័ន្ធកាលពីថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២៣។

លោកបន្តថា ខេត្តមានកោះធំ-តូចចំនួន ៣0 ថ្មដុះ២ និងថ្មប៉ប្រះទឹក៥ ឆ្នេរសមុទ្រប្រវែង ១៧៥,៨១គីទ្បូម៉ែត្រ មានប្រជាជន ប្រមាណ ៣១០.០០០នាក់។ ខេត្តព្រះសីហនុ មានចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់(GDP) នៅឆ្នាំ២០២១ មានចំនួន៤.១៨០ដុល្លារអាមេរិក ដោយបានកាត់បន្ថយអត្រាភាពក្រីក្រធ្លាក់ចុះមកនៅត្រឹម ១,៨% នៅឆ្នាំ២០២២។

លោកបន្ថែមថា ក្នុងរយៈពេល៣ឆ្នាំចុងក្រោយរួមមាន ហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងមានផ្លូវចំនួន ៣៧ខ្សែ ស្ថានីយ៍ប្រព្រឹត្តកម្ម និងចម្រោះទឹកកខ្វក់ បន្ទប់ទឹកសាធារណៈ កសាងរូបបដិមារួមមាន រង្វង់មូលព្រះឧមា-មហេសូរ រង្វង់មូលសីហរាជមុខបី រង្វង់មូលព្រះថោងនាងនាគ រង្វង់មូលព្រះស្កន្ទទ្រង់ក្ងោក ដែលបង្ហាញអំពីវប្បធម៌ អរិយធម៌ ប្រពៃណី និងប្រវត្តិសាស្ត្រជាតិ ស្លាកអក្សរ «ខ្មែរធ្វើបាន» ទីលានតេជោ ព្រមទាំងការរៀបចំស្តង់ដារអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រ។

លោកថ្លែងថា៖ «ក្រៅពីសមិទ្ធផលខាងលើ យើងមានកំពង់ផែអន្តរជាតិសមុទ្រទឹកជ្រៅ អាកាសយានដ្ឋានអន្តរជាតិ ផ្លូវល្បឿនលឿនភ្នំពេញ- ព្រះសីហនុ បាននំាភ្ញៀវទេសចរមកកាន់ខេត្តព្រះសីហនុយ៉ាងច្រើនកុះករ ផ្លូវដែក តំបន់សេដ្ឋកិច្ចពិសេស ទីលានចាក់សំរាមដែលមានលក្ខណៈស្តង់ដារ ឆ្នេរសមុទ្រដ៏ស្រស់ស្អាត រមណីយដ្ឋានធម្មជាតិ និងជីវៈចម្រុះដ៏សម្បូរបែប»៕
ដោយ៖ ពុទ្ធិពល