បុរសម្នាក់គ្រោះថ្នាក់ធ្ងន់ធ្ងរដោយសារគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅខេត្តឧត្តរមានជ័យ

ភ្នំពេញ៖ លោក ហេង រតនា អគ្គនាយកអង្គភាពស៊ីម៉ាក់ ឱ្យដឹងថា នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ១៧-៣០នាទី មានករណីគ្រោះថ្នាក់ដោយគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះមួយកើតឡេីងនៅចំណុចថ្គាមរមាសស្ថិតនៅភូមិសាមគ្គី ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បណ្ដាលឱ្យបុរសម្នាក់រងរបួសធ្ងន់ធ្ងរ។

លោកបន្តថា ជនរងគ្រោះ មិនទាន់ត្រូវបានស្គាល់ឈ្មោះ នៅឡើយនោះទេ និងមានអាយុ ប្រហែល ២៩ឆ្នាំ រស់នៅភូមិរាជជម្ទុល ឃុំស្រែខ្វាវ ស្រុកអង្គរជុំ ខេត្តសៀមរាប បានមកស៊ីឈ្នួលដកដំឡូងមីក្នុងចំការនៅចំណុចកើតហេតុខាងលើ បានប្រទះឃើញកង់ដង់ក្បាលគ្រាប់ឡង់ AK47 សៀតជាប់នឹងគល់ដើមស្វាយក៏យកកាំបិតខ្វែវទៅគោះ បណ្ដាលឱ្យផ្ទុះឡើង។

លោកបន្តថា ក្រោយពេលកើតហេតុ ជនរងគ្រោះបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកអន្លង់វែង បច្ចុប្បន្នបានបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

លោកពិតជាសម្តែងការសោកស្តាយនិងសង្វេកក្នុងចិត្តណាស់ នៅពេលឃើញឈាមយុវជនខែ្មរហូរដោយសារគ្រាប់យុទ្ធភណ្ឌសំណល់សង្គ្រាម៕ ដោយ៖ ពុទ្ធិពល