លោក អូន ព័ន្ធមុនីរ័ត្ន ឲ្យរដ្ឋមន្រ្តីក្រសួងសាធារណការ សិក្សាច្បាស់លាស់ពីគម្រោងផ្លូវដែកភ្នំពេញ-ប៉ោយប៉ែត

ភ្នំពេញ ៖ មុននឹងឈានចូលដល់ដំណាក់កាលនៃការសាងសង់ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្នើរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន សិក្សាឲ្យបានច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ លើគម្រោងផ្លូវដែកភាគខាងជើងពីភ្នំពេញ-ប៉ោយប៉ែត ដើម្បីដាក់ជូនរាជរដ្ឋាភិបាល ពិនិត្យ និងសម្រេចបន្ត។

ការស្នើរបស់លោកឧបនាយករដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ចនេះ បានធ្វើឡើងក្នុងឱកាសលោកអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបការងាររបស់ក្រសួងសាធារណការឆ្នាំ២០២២ នាថ្ងៃ១៦ កុម្ភៈ។

ក្រៅពីការស្នើដូចខាងលើហើយ លោក អូន ព័ន្ធមុនីរ័ត្ន ក៏បានជំរុញក្រសួងធ្វើការសិក្សាឲ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ លើគម្រោងផ្លូវដែកអាទិភាព ជាអាទិ៍៖ គម្រោងផ្លូវរថភ្លើងធុនស្រាលតភ្ជាប់ពីក្រុងសៀមរាប ទៅព្រលានយន្តហោះអន្តរជាតិសៀមរាប-អង្គរ , គម្រោងផ្លូវរថភ្លើងធុនស្រាលតភ្ជាប់ពីរាជធានីភ្នំពេញ ទៅព្រលានយន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅ , គម្រោងផ្លូវរថភ្លើងក្រោមដីនៅក្នុងរាជធានីភ្នំពេញ និងគម្រោងផ្លូវដែកល្បឿនលឿនដែលត្រូវធ្វើឡើងជាកញ្ចប់ ទាំងសម្រាប់ការតភ្ជាប់ផ្ទៃក្នុងកម្ពុជា និងសម្រាប់ការតភ្ជាប់ក្នុងតំបន់ ជាពិសេសការតភ្ជាប់រហូតទៅដល់ប្រទេសចិន។

ជាមួយគ្នានោះ លោកថា ក្រសួងក៏ត្រូវបន្តជំរុញការសិក្សាគម្រោងសាងសង់ផ្លូវល្បឿនលឿនទៅកាន់ប៉ូលសេដ្ឋកិច្ចសំខាន់ៗ ជាពិសេសប៉ូលសេដ្ឋកិច្ចទី៣ , ផ្លូវល្បឿនលឿនពីភ្នំពេញឆ្លងកាត់ខេត្តកំពង់ធំ ទៅក្រុងសៀមរាបដែលនឹងផ្ដល់អត្ថប្រយោជន៍ និងប្រសិទ្ធភាពសេដ្ឋកិច្ច-សង្គម ។

គួរឲ្យដឹងថា គម្រោងផ្លូវដែកល្បឿនលឿនពីភ្នំពេញ-ប៉ោយប៉ែតនេះ មានប្រវែង៣៨២គីឡូម៉ែត្រ ត្រូវការទុនវិនិយោគជាង៤ពាន់លានដុល្លារ និងប្រើរយៈពេលសាងសង់ប្រមាណ៤ឆ្នាំ។ គម្រោងលើកកម្រិតផ្លូវរថភ្លើងភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត ឲ្យទៅជាផ្លូវរថភ្លើងល្បឿនលឿននេះ គឺជាគម្រោងផ្តោតចម្បង លើសេវាដឹកជញ្ជូនអ្នកដំណើរ និងដឹកទំនិញអន្តរជាតិរវាងកម្ពុជា និងថៃ ក៏ដូចជាការដឹកជញ្ជូនអ្នកដំណើរ និងទំនិញតាមខ្សែបណ្ដោយពីរាជធានីភ្នំពេញ ទៅក្រុងប៉ោយប៉ែត ដោយឆ្លងកាត់ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងខេត្តបន្ទាយមានជ័យ។គម្រោងនេះ នឹងក្លាយជាផ្លូវដែកល្បឿនលឿន ស្ដង់ដារដំបូងគេបំផុតនៅកម្ពុជា ហើយនឹងក្លាយទៅជាខ្សែផ្លូវ ដឹកជញ្ជូនអ្នកដំណើរ និងដឹកទំនិញដ៏សំខាន់ទាំងនៅក្នុងប្រទេស និងភ្ជាប់ទៅក្រៅប្រទេសផងដែរ៕ ដោយ៖ រិន ចំរើន