CMAC ទទួលម៉ាស៊ីនរាវមីនទំនើប ១២គ្រឿង តម្លៃជិត៥០ម៉ឺនដុល្លារពីជប៉ុនសម្រាប់បណ្តុះបណ្តាលអ្នកដោះមីនអ៊ុយក្រែន

ភ្នំពេញ៖ អង្គភាពស៊ីម៉ាក់បានទទួលម៉ាស៊ីនរាវមីនប្រភេទ ALIS ចំនួន១២គ្រឿងបន្ថែមទៀត ដែលគិតជាថវិកាចំនួនជិត៥០ម៉ឺនដុល្លារអាមេរិក ពីរដ្ឋាភិបាលជប៉ុនដែលបានឯកភាពគ្នាផ្តល់ការគាំទ្រលើការហ្វឹកហ្វឺនអ្នកជំនាញដោះមីនមនុស្សធម៌នៃអង្គភាពជាតិរបស់ប្រទេសអ៊ុយក្រែននៅកម្ពុជា ។

ពិធីប្រគល់-ទទួលម៉ាស៊ីនរាវមីនប្រភេទALIS ខាងលើនេះ ធ្វើឡើងកាលពីថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៣ ដោយ ផ្អែកតាមសំណើរបស់JICA ហើយត្រូវបានសម្តេច ហ៊ុន សែន ផ្តល់ការឯកភាពសម្រាបជា ប្រយោជន៍ដើម្បីទទួលការហ្វឹកហ្វឺនផង និងមានឱកាសបានឃើញកិច្ចប្រតិបត្តិការបោសសម្អាតមីនមនុស្សធម៌ជាក់ស្តែងនៅកម្ពុជាផងដែរ។

ផ្អែកគោលការណ៍រាជរដ្ឋាភិបាលនេះ អង្គភាពស៊ីម៉ាក់និងJICA បានជ្រើសរើសការហ្វឹកហ្វឺនម៉ាស៊ីនរាវមីនប្រភេទ ALIS ជូនអ្នកជំនាញបច្ចេកទេសអ៊ុយក្រែន ដែលម៉ាស៊ីនរាវមីនALISអាចជួយពង្រឹងសុវត្ថិភាពនិងបង្កើនប្រសិទ្ធភាពនៃកិច្ចប្រតិបត្តិការបោសសម្អាតមីនបានល្អប្រសេីរ។

លោក ហេង រតនា អគ្គនាយកអង្គភាពស៊ីម៉ាក់កម្ពុជាកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ឱ្យដឹងថា អង្គភាពស៊ីម៉ាក់បានទទួលម៉ាស៊ីនរាវមីនប្រភេទALIS ដែលជាម៉ាស៊ីនរាវមីនបច្ចេកទេសថ្មីទំនើបដំបូងគេផលិតនៅប្រទេសជប៉ុន។ ម៉ាស៊ីនរាវមីនប្រភេទALIS នេះ បានសិក្សាស្រាវជ្រាវជាមួយអ្នកជំនាញអង្គភាពសុីម៉ាក់អស់រយៈពេលជាង១៨ឆ្នាំ ពោលចាប់ពីឆ្នាំ២០០៦មក។

លោកបន្តថា ម៉ាស៊ីនរាវមីន ALIS មានសមត្ថភាពអាចស្គែនពិនិត្យវត្ថុលោហធាតុកប់ក្នុងដី និងធ្វេីការវិភាគរូបភាព និងផ្តល់សញ្ញារលកសំឡេង ដែលជាចំនុចពិសេសក្នុងការកំណត់អត្តសញ្ញាណវត្ថុកប់ក្នុងដី ដូចគ្រាប់មីន គ្រាប់មិនទាន់ផ្ទុះ ឬក៏ជាអំបែងដែកជាដើម។

លោកថ្លែងថា៖ «ម៉ាស៊ីនរាវមីនប្រភេទALISត្រូវបានរចនានិងផ្គុំឡេីងដោយសហហការរវាងក្រុមហ៊ុនអុីតាលីនិងជប៉ុន សំដៅសំរេចបានគោលដៅបង្កេីនសុវត្ថិភាពសំរាប់អ្នកបច្ចេកទេសបោសសម្អាតមីន និងបង្កេីនប្រសិទ្ធភាពប្រតិបតិ្តការ»៕ ដោយ៖ ពុទ្ធិពល